ឯកឧត្តម ឯម ច័ន្ទមករា៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពិតជាមានតួនាទីសំខាន់ណាស់សម្រាប់ការកែប្រែស្ថានភាពជីវភាពរស់នៅរបស់ជនមានពិការភាព ពិសេស “ភាពស្មើភាពគ្នានៃឱកាស” ក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈ!


ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងពិការភាព ជូនសមាជិកក្រុមការងារសកម្មភាពជនពិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនដើម្បីបង្កឱកាសចូលរួមដោយសមភាពក្នុងសកម្មភាពសង្គម រួមមានវប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាកលម្ហែ និងសកម្មភាពផ្សេងៗទៀតសម្រាប់ជនមានពិការភាព ក្នុងនោះរួមបញ្ចូលមាន៖
1. ការធានាដល់ការចូលរួមសកម្មភាពសង្គមរួមមានវប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាកលម្ហែ និងសកម្មភាពផ្សេងៗទៀត
2. ការកៀរគរប្រភពធនធានដើម្បីធានាដល់ការផ្គត់ផ្គង់សម្ភារៈផ្សេងៗក្នុងវិស័យសិល្បៈ វប្បធម៌ ដល់ជនមានពិការភាពដែលមានលទ្ធភាពអាចប្រើប្រាស់បាន
3. ការចងក្រងជាក្រុមសិល្បៈនិងសម្របសម្រួលដើម្បីឱ្យជនមានពិការភាពអាចមានលទ្ធភាពចូលរួមកម្មវិធីសិល្បៈ វប្បធម៌ ក្នុងកម្មវិធីរបស់ទូរទស្សន៍ ភាពយន្ត ល្ខោន និងសកម្មភាពវប្បធម៌ផ្សេងៗ។
4. ការបង្កើតកម្មវិធីសិល្បៈ និងសកម្មភាពវប្បធម៌ដើម្បីបង្ហាញសក្តានុពល ដែលជនមានពិការភាពអាចចូលរួមសម្តែង បង្ហាញសមត្ថភាព និងប្រកួតប្រជែងបាន
5. ការអភិវឌ្ឍទេពកោសល្យខាងបញ្ញា សិល្បៈ គំនិតច្នៃប្រឌិត និងកីឡាជាសាធារណៈនៅគ្រប់កម្រិត។
6. ការកសាងគោលនយោបាយបញ្ចុះតម្លៃការសិក្សា រៀបចំមធ្យោបាយធ្វើដំណើរ ស្នាក់នៅ ហូបចុក និងទីកន្លែងកម្សាន្ត សេវាផ្សេងៗ ដើម្បីបង្កឱកាសដល់ជនមានពិការភាពអាចមានលទ្ធភាពចាត់ចែងសកម្មភាពលម្ហែ ទេសចរណ៍ និងការកម្សាន្តដោយខ្លួនឯងបាន។
ឯកឧត្តមបានន្ថែមថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពិតជាមានតួនាទីសំខាន់ណាស់សម្រាប់ការកែប្រែស្ថានភាពជីវភាពរស់នៅរបស់ជនមានពិការភាព ជាពិសេស “ភាពស្មើភាពគ្នានៃឱកាស” ក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈ ដែលយើងគួរចូលរួមធានាថា ជនមានពិការភាពមានឱកាសប្រើប្រាស់សក្តានុពលច្នៃប្រឌិតសិល្បៈនិងបញ្ញារបស់ពួកគេ ដើម្បីបង្កើនឱកាសសម្រាប់សង្គមជាតិទាំងមូល។ ការលើកទឹកចិត្តរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដល់ជនមានពិការភាព គឺជាការជួយដល់ជនមានពិការភាពឱ្យរស់នៅដោយឯករាជ្យ។ ជនមានពិការភាពប្រឈមនឹងឧបសគ្គជាច្រើនតាមឥរិយាបថផ្សេងៗគ្នារួមមាន ការរើសអើង ការមាក់ងាយ និងការភ័យខ្លាចឆ្លងពិការភាពជាដើម។ ឥរិយាបថអវិជ្ជមានទាំងនេះបានកើតឡើងលើគ្រប់ទិដ្ឋភាពនៃជីវិតរបស់ជនមានពិការភាព រួមទាំងសមត្ថភាពលើវិស័យវប្បធម៌និងវិចិត្រសិល្បៈ។