ឯកឧត្តម ហ៊ុន ម៉ានី៖ ការបង្កើតក្រុមសភាវ័យក្មេង ជាការបង្ហាញថាអាស៊ាន យកចិត្តទុកដាក់លើតួនាទី និងសំឡេងរបស់ប្រជាជនវ័យក្មេង


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ រដ្ឋសភាកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា (YPA) បានលើកឡើងថា ការបង្កើតឱ្យមានក្រុមសភាវ័យក្មេង គឺជាការបង្ហាញថា អាស៊ានយកចិត្តទុកដាក់ទៅលើតួនាទី និងសំឡេងរបស់ប្រជាជនវ័យក្មេង នៅក្នុងក្របខ័ណ្ឌប្រទេសទាំងអស់ និងក្នុងសមាគមអាស៊ានទាំងមូល។

ការលើកឡើងបែបនេះរបស់ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសលោកឆ្លើយនឹងនឹងសំណួររបស់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃមហាសន្និបាតអន្តរសភាអាស៊ាន-អាយប៉ា (AIPA) លើកទី៤៣ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «ការបង្កើតក្រុមសភាវ័យក្មេងនេះ ជាការបង្ហាញថា អាស៊ាន គឺយកចិត្តទុកដាក់ទៅលើតួនាទី និងសំលេងរបស់ប្រជាជនវ័យក្មេង នៅក្នុងក្របខ័ណ្ឌប្រទេសទាំងអស់ និងក្នុងសមាគមអាស៊ានទាំងមូល»

ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា ក្រៅពីនេះថែមទៀត ក៏យើងអាចបញ្ជាក់ថា ការចេញមកពីការយកចិត្តទុកដាក់នេះ ក៏វាជាយន្តការផ្លូវការរបស់អាស៊ាន ដែលត្រៀមខ្លួនរួចជាស្រេចក្នុងសហការជាមួយយន្តការជាលក្ខណៈប្រទេស ឬលក្ខណៈពហុភាគី ដូចជា IPU ដើម្បីធ្វើយ៉ាងណាជាក្រខ័ណ្ឌនៃផ្លូវការ និងផ្លូវការដែលយើងអាចធ្វើការជាមួយគ្នា។

«ក្នុងក្របខ័ណ្ឌសភាវ័យក្មេងរបស់អាយប៉ា ប្រាកដណាស់ គឺក្នុងបានជាអ្នកតំណាងរាស្ត្រ គឺយើងមានតួនាទី២ ហើយយើងត្រូវគិតគូរ និងសម្របសម្រួលក្នុងពេលតែមួយ ​[…] អញ្ចឹងក្នុងនាមជាតំណាងរាស្ត្រវ័យក្មេងក៏យើងត្រូវតែទទួលខុសត្រូវស្មើៗទៅតាមអ្នកតំណាងរាស្ត្រដទៃទៀតផងដែរ»។ នេះជាការលើកឡើងបន្ថែមរបស់ លោក ហ៊ុន ម៉ានី។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា បើទោះបីជាមានតួនាទីជាអ្នកតំណាងរាស្ត្រវ័យក្មេង មិនទាន់ទទួលបានបទពីសោធន៍ច្រើនដូចថ្នាក់ដឹកនាំជំនាន់មុន ដូច្នេះ យើងអាចផ្សាភ្ជាប់នឹងប្រជាជនវ័យក្មេងនៅក្នុងប្រទេស ព្រមទាំងក្នុងតំបន់។

«អញ្ចឹង យើងក្លាយជាយន្តការមួយដែលផ្សាភ្ជាប់អ្វីដែលជាតួនាទី ក្នុងក្របខ័ណ្ឌជាតិ អ្នកតំណាងរាស្ត្រ អ្នកតាក់តែងច្បាប់ អ្នកអនុម័តច្បាប់ ហើយមួយចំហៀងទៀត គឺសំឡេង កង្វល់ ការស្រមើលស្រមៃ និងបំណងប្រាថ្នារបស់ប្រជាជនវ័យក្មេងផងដែរ»

ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា ចំពោះកិច្ចប្រជុំលើកដំបូងរបស់សមាជិកសភាវ័យក្មេងអាយប៉ា គឺបានកំណត់គោលការណ៍ចំនួន៣ និងបានសម្រេចដោយជោគជ័យ។

លោកបានគូសបញ្ជាក់ថា ក្នុងនាមជាអ្នកតំណាងដែលយើងបានសម្រេចយកប្រធានបទ «ការជំរុញ ការផ្សាភ្ជាប់ជាមួយប្រជាជនវ័យក្មេង ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយចីរភាព ភាពធន់ និងវិបុលភាព» គឺមានន័យថា ក្នុងនាមជាសភាវ័យក្មេង យើងមិនតាមដានទៅលើអ្វីដែលជាចំណុចក្តៅ ឬការវិវត្តន៍នៃស្ថានភាពនយោបាយជាលក្ខណៈសកល មិនថាក្នុងដំណាក់កាលប្រកួតប្រជែង ឬក៏ភាពតាន់តឹង រវាងប្រទេសមហាអំណាច ស្ថានភាពនៅភូមា, ស្ថានភាពនៅអ៊ុយក្រែន ឬក៏កត្តាផ្សេងៗនោះទេ។

ឯកឧត្តម ហ៊ុន ម៉ានី ចង់ឱ្យវេទិកាក្រុមសភាវ័យក្មេងនេះ គឺជាវេទិកាដើម្បីពិភាក្សាទៅលើចំណុចសំខាន់ៗ ប៉ុន្តែថែរក្សានៃអ្វីដែលជាទំនាក់ទំនង និយាយគ្នាត្រង់ទៅត្រង់មក គោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាឱ្យបានច្រើន និងធ្វើយ៉ាងណាថែរក្សាទំនាក់ទំនងនេះមិនថានៅក្នុងក្របខ័ណ្ឌវេទិកាក្រុមសភាវ័យក្មេងនោះទេ ប៉ុន្តែ វាអាចទៅជាទំនាក់ទំនងសហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមកទៅលើវិស័យផ្សេងៗបន្ថែមទៀត៕