វិស័យឯកនៅខេត្តសៀមរាប ប្រឹងប្រែងលើកកម្ពស់វិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ


ពិធីចុះអនុស្សរណៈ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ រវាងសមាគមក្លឹបទេសចរណ៍សៀមរាប «STC/ Siem Reap Tourism Club», ក្រុមហ៊ុន Nippon Koei Co., Ltd. /NK, ក្រុមហ៊ុន SOKEN និងក្រុមហ៊ុន Haystack Labs Studio Co., Ltd. «HAYSTACK» បានធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២.

ពិធីនេះបានធ្វើឡើង នៅសណ្ឋាគារ Memoire Palace ក្រុង/ខេត្តសៀមរាប ក្នុងអធិបតីពី ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក Masaki Kawaguchi នាយកការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ព្រមទាំងវត្តមានភាគីពាក់ព័ន្ធ និងដៃគូរ វិស័យឯកជន ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ ផងដែរ។

លោក ហ្វីលីព កៅ ប្រធាន STC បានថ្លែងថា អនុស្សារណៈនេះ ធ្វើឡើងក្នុងការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ (Promotion of Sustainable and Smart Tourism) តាមយន្តការ សេចក្តីព្រាងថ្នាលទេសចរណ៍ ឌីជីថលទេសចរណ៍ថ្មីមួយ សម្រាប់ខេត្តសៀមរាប ដោយលើកទិសដៅអភិវឌ្ឍក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

លោកបន្តថា ជាមួយក្រុមការងារទីក្រុងឆ្លាតវៃរបស់រដ្ឋបាលខេត្ត និងភ្នាក់ងារជំនាញ JACA ហើយយោងលើភាពចាំបាច់ក្នុងការស្ដារឡើងវិញនូវវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តសៀមរាបឱ្យមានភាពប្រសើរតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ដោយបង្កើតអោយមានគម្រោងឌីជីថល ឆ្លាតវៃនានា ក្នុងគោលបំណង ជំរុញវិស័យទេសចរណ៍ក្នុងខេត្តឡើងវិញ តាមរូបមន្ត «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ពីគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ, ឯកជន, ប្រជាពលរដ្ឋ, និង ដៃគូអភិវឌ្ឍន៍ ។

លោកបានបញ្ជាក់ថា សេចក្តីព្រាងថ្នាលទេសចរណ៍ ឌីជីថលថ្មីនេះ នឹងផ្តល់ជូនបន្តដល់ក្រុមការងារទីក្រុងឆ្លាតវៃរបស់រដ្ឋបាលខេត្ត និងក្រុមការងារជំនាញ JICA ដើម្បីការពិនិត្យ និងអនុម័តលើការសំរេចដើម្បីអភិវឌ្ឍអោយចេញជារូបបន្ទាប់ ។ លោកមានជំនឿយ៉ាងមុតមាំថា គំរោងមួយនេះ នឹងផ្តល់ភាពងាយស្រួល ដល់ទេសចរកម្សាន្តក្នុងខេត្ត ក៏ដូចជាប្រត្តិបត្តករទេសចរណ៍ ក្នុងការទំនាក់ទំនង និងបង្កើតទំនុកចិត្តរវៀងគ្នានិងគ្នា ។ វាដើរតួរជាអ្នកផ្តល់នូវព័ត៌មាននានាអំពីសេវាទេសចរណ៍ ជូនដល់អតិថិជន ក្នុងការបង្កើតជំរើសឆ្លាតវៃសម្រាប់ដំណើរកំសាន្តរបស់គេ ផងដែរ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថា ខេត្តសៀមរាប ជាខេត្តសក្តានុពលទេសចរណ៍ ដ៏សំខាន់មួយនៃប្រទេស និងមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ។ សៀមរាប-អង្គរ គឺជាទឹកដីសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ និងពោរពេញទៅដោយរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបានជម្រុញឱ្យតំបន់នេះ ក្លាយជាទិសដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ពីគ្រប់មជ្ឈដ្ឋានជុំវិញពិភពលោកទស្សនាកំសាន្ត ។

ឯកឧត្តមបានបញ្ជាក់ថា វិស័យទេសចរណ៍ ត្រូវបានរដ្ឋាភិបាលទទួលស្គាល់ថាជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចបៃតង (មាសបៃតង) ហើយចំណូលនៃវិស័យនេះ ត្រូវបានបញ្ជូលភ្លាមៗទៅក្នុងចរន្តសេដ្ដកិច្ចជាតិ ដែលរួមចំណែកជម្រុញដល់កំណើន ផលិតផលក្នុងស្រុកសរុប ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាល សម្ដេចតែងតែយកចិត្តទុកដាក់ ដឹកនាំគាំទ្រ និងជម្រុញការអភិវឌ្ឍទេសចរណ៍សម្រេចបានជោគជ័យជាបន្តបន្ទាប់ ៕