ក្រុមការងារគណបក្សប្រជាជន ប្រចាំរដ្ឋខូឡូរ៉ាដូ ប្រជុំបូកសរុបការងារឆ្នាំ២០២២ និងផែនការអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣


អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច ទទួលបន្ទុករដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក បានរៀបចំប្រជុំបូកសរុបការងារឆ្នាំ២០២២ និងផែនការអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមវត្តមាន ឯកឧត្តម សុខ សុគន្ធា ប្រធានក្រុមការងារ អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ទទួលបន្ទុលរដ្ឋខូឡូរ៉ាដូ នៅវិមាន៧មករា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ សុគន្ធា បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមក ទោះបីជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក្ដី ក៏ក្រុមការងារបានសម្របសម្រួលការងារ ជាមួយផ្នែកបដិសណ្ធារកិច្ច ដើម្បីទទួលបងប្អូនដែលជាសមាជិក អ្នកគាំទ្របក្សប្រចាំរដ្ឋខូឡូរ៉ាដូ ដែលបានអញ្ជើញមកលេងមាតុភូមិកំណើត ជាពិសេសក្រុមការងារបានទទួលជួបជុំអាហារសាមគ្គី ដើម្បីបង្កើនទំនាក់ទំនង ឲ្យកាន់តែមានភាពស្និទ្ធស្នាល មិនតែប៉ុណ្ណោះក្រុមការងារ ក៏បានចូលរួមយ៉ាងសកម្ម ជាមួយកិច្ចការមនុស្សធម៍ ក្នុងការជួយដល់ជនរងគ្រោះ ដោយសារទឹកជំនន់ និងជនរងគ្រោះ ដោយសារជំងឺកូវីដ១៩ ទៀតផង។

ឯកឧត្តមបានគួសបញ្ជាក់ថា «ទាំងអស់នេះ បានបង្ហាញថាការសាមគ្គីមួយ ដើម្បីពង្រឹងពង្រីកការងារ ឲ្យកាន់តែមានភាពរីកចំរើន»

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ សុគន្ធា បានកោតសរសើរចំពោះ សមាជិក សមាជិកា នៃក្រុមការងារទាំងអស់ ដែលបានចូលរួមចំណែក លះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ព្រមទាំងសម្ភារៈ និងថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែក ក្នុងការកសាងពង្រឹងពង្រីកសកម្មភាពរបស់ ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ទទួលបន្ទុករដ្ឋខូឡូរ៉ាដូ។

ឯកឧត្តមបន្ថែមថា ការចូលរួមចំណែករបស់ សមាជិក សមាជិកា ទាំងអស់បានជួយពង្រឹងសក្ដានុពលក្រុមការងារ ដែលជាកម្លាំងចលករក្នុងការបង្កើតស្មារតី គាំទ្រគណបក្សប្រជាជនកម្ពុជាពី សំណាក់ បងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស និងសូមកត់ត្រាទុកថា នេះគឺជាការចូលរួមចំណែកក្នុងបុព្វហេតុ ដ៏ឧត្ដុងឧត្ដមរបស់គណបក្ស។

បន្ថែមលើសពីនេះ ឯកឧត្តម សុខ សុគន្ធា ក៏បានអំពាវនាវ ដល់សមាជិក សមាជិកានៃក្រុមការងារទាំងអស់ បន្តចូលរួមចំណែកគាំទ្រ គណបក្សប្រជាជនកម្ពុជា និងចូលរួមផ្សព្វផ្សាយអំពីការអភិវឌ្ឍន៍ ការរីកចម្រើន និងសមិទ្ធផលនានា ក្រោមការដឹកនាំដ៏ឆ្លៀសវ៉ៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្ដេចធ្វើជានាយករដ្ឋមន្រ្តី និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេន នាយករដ្ឋមន្រ្តី៕