ឯកឧត្តម ហ៊ុន ម៉ាណែត៖ បក្សប្រជាជនមិនល្អឥតខ្ចោះ តែពិនិត្យ និងកែលម្អរខ្លួនជាប្រចាំ ដើម្បីដឹកនាំជាតិ និងបម្រើពលរដ្ឋឱ្យកាន់តែល្អប្រសើរ


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានទទួលស្គាល់ថា ការដឹកនាំ ការបម្រើជាតិ និងប្រជាជន របស់គណបក្សប្រជាជនកម្ពុជា មិនទាន់តែល្អឥតខ្ចោះ តែបក្សតែងពិនិត្យ និងកែលម្អរខ្លួនជាប្រចាំ ដើម្បីធ្វើឱ្យការដឹកនាំ និងការបម្រើប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

តាមរយៈវីដេអូឃ្លីបមួយថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងពេលសម្ពោធសមិទ្ធផលក្នុងវត្តមួយនៅស្រុកកោះធំ ខេត្តកណ្តាល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការដឹកនាំ ដោះស្រាយ និងផ្តល់សេវាប្រចាំរបស់មន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា គឺមិនទាន់បានគ្រប់ជ្រុងជ្រោយ និងមិនទាន់បានល្អឥតខ្ចោះ ហើយក៏មិនទាន់ដោះស្រាយបញ្ហាបានគ្រប់បែបយ៉ាងនោះដែរ។

បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ដែលបញ្ចប់ការសិក្សាពីអាមេរិក និងអង់គ្លេសរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះ «យើងត្រូវទទួលស្គាល់នូវការពិតថា យើងមានចន្លោះប្រហោង ហើយយើងខិតខំបម្រើប្រជាពលរដ្ឋ កែលម្អរភាពអវិជ្ជមាន»

នៅក្នុងឃ្លីបនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា រាល់ពេលបោះឆ្នោតម្តងៗ គណបក្សប្រជាជនតែងរីករាយនឹងជោគជ័យរបស់ខ្លួន។ ប៉ុន្តែបក្សក៏មិនភ្លេចមើលនូវភាពបរាជ័យ ចំណុចខ្វះខាត ដែលនាំឱ្យមានប្រជាពលរដ្ឋមិនបោះឆ្នោតជូនបក្សផងដែរ។

សម្រាប់ឯកឧត្តម ហ៊ុន ម៉ាណែត ការចេះពិនិត្យមើលបញ្ហា និងកែលម្អរបញ្ហានេះហើយ ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជា នៅតែទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋឱ្យបក្សបន្តដឹកនាំជាតិ និងបម្រើប្រជាពលរដ្ឋ។

ឯកឧត្តម ម៉ាណែត បានគូសបញ្ជាក់ដូច្នេះ «យើងមើលខ្លួនឯងជាប់ជាប្រចាំ ខិតខំដោះស្រាយនូវបញ្ហាអវិជ្ជមាន។ យើងមិនល្អឥតខ្ចោះ យើងត្រូវទទួលស្គាល់។ បើបក្សប្រជាជនកម្ពុជា គិតថាខ្លួនឯងល្អឥតខ្ចោះ គឺចប់ហើយ។ ដូចអាពតអ៊ីចឹង គឺគេគិតថាខ្លួនល្អឥតខ្ចោះ ឱ្យតែមាននរណាថាមិនល្អ វ៉ៃចោល»

ឯកឧត្តមបណ្ឌិត បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ត្រូវការរិះគន់ ការស្ថាបនា និងការចូលរួមមតិយោបល់ កុំឱ្យតែបំផ្លាញច្បាប់ ល្មើសច្បាប់ ឬធ្វើអ្វីដែលបំផ្លាញសុខសន្តិភាព ស្ថេរភាព។

ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា ព្រោះតែស្មារតីកែលម្អរខ្លួននេះហើយ ទើបគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីរំលឹកថា បក្សមិនស្អាត មិនល្អឥតខ្ចោះ។

«គណបក្សប្រជាជនកម្ពុជា ត្រូវព្យាបាលដោយខ្លួនឯង ប្រសើរជាងគេព្យាបាល។ ព្យាបាលខ្លួនឯងទាន់មានពេលព្យាបាល ប្រយ័ត្នប្រជាពលរដ្ឋលែងទុកចិត្ត លែងផ្តល់ឱកាសឱ្យព្យាបាល ហើយយកគេផ្សេងមកវះកាត់ឱ្យចប់ហើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហ៊ុន ម៉ាណែត។

បេក្ខភាពនាយករដ្ឋមន្ត្រីវ័យក្មេងរបស់បក្សប្រជាជនកម្ពុជា ដែលកំពុងមានប្រជាប្រិយភាពរូបនេះ បានសង្កត់ធ្ងន់ថា បក្សប្រជាជនកម្ពុជា នៅតែខិតខំប្រឹងប្រែងដោះស្រាយបញ្ហា និងទទួលស្គាល់ចំណុចខ្វះខាត ដែលធ្វើមិនទាន់បានជោគជ័យ៕