អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចុះពិនិត្យមើលការរៀបចំកែលម្អសោភណភាព ត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ


រសៀលថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រី មន្ទីរអង្គភាពជំនាញ ចុះពិនិត្យការរៀបចំកែលម្អសោភណភាព បរិស្ថានក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីអបអរសាទរបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេស ដំឡើង ខ្លោងទ្វារបុណ្យសមុទ្រ ត្រូវធ្វើយ៉ាងណាឱ្យបានលឿន មានភាពកាន់តែទាក់ទាញល្អស្អាត និងការដំឡើងស្តង់ពិព័រណ៍ចំនួនជាង ៣០០ស្តង់ នៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

ឯកឧត្តម និងក្រុមការងារក៏បានបន្តដំណើរ ទៅពិនិត្យមើលសកម្មភាពការ ឈូសឆាយសម្អាតឆ្នេរខ្សាច់កម្សាន្ត នៅឆ្នេរអូរឈើទាលមួយ ពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅអូរឈើទាល ក្នុងទឹកដីភូមិសាស្ត្រក្រុងព្រះសីហនុ។ បន្ទាប់មកឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរទៅពិនិត្យទីតាំង នៅរង្វង់មូលព្រះថោងនាងនាគ នៅឃុំបិតត្រាំង រង្វង់មូលព្រះបដិមាឧមាមហេសូរ និងរង្វង់មូលនាគព័ន្ធ ផ្លូវចូលមករាម នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្ពោះទៅរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោក ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីលើកកម្ពស់សោភណភាពខេត្តព្រះសីហនុ និងឈានទៅបុណ្យឆ្លងឆ្នាំសកល ២០២២ ឈានចូលឆ្នាំ២០២៣៕ ដោយ ងូ សុមុនី