សម្ដេចក្រឡាហោម ស ខេង មិនគាំទ្រដាច់ខាតចំពោះជនបើកបរបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ បែររួចខ្លួនត្រឹមបង់លុយ


(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសមិនគាំទ្រដាច់ខាត ចំពោះជនបើកបរបង្កគ្រោះថ្នាក់ដល់ជនដទៃ ហើយបែរជារួចខ្លួនពីសំណាញ់ច្បាប់ ត្រឹមការបង់លុយជាសំណងជំងឺចិត្ត។

នៅប៉ុន្មានថ្ងៃនេះ ផ្ទុះការចាប់អារម្មណ៍ និងប្រតិកម្មជាខ្លាំងលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្ដ បុកម៉ូតូមួយគ្រឿង នៅលើស្ពានជ្រោយចង្វារ បណ្ដាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ ក្នុងនោះក៏មានទារកអាយុ៦០ថ្ងៃម្នាក់ផងដែរ។

គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបង្កឱ្យមានការជជែកគ្នាជាច្រើននៅលើបណ្ដាញសង្គម ដោយជនបង្កបញ្ចប់រឿងជាមួយជនរងគ្រោះ ត្រឹមសំណង ២,៥០០ដុល្លារ។ បើទោះបីបញ្ចប់សំណងជាមួយជនរងគ្រោះយ៉ាងណាក្ដី ប៉ុន្ដែក្នុងច្បាប់បានកំណត់ថា ជនបង្កមិនត្រូវរួចខ្លួននោះទេ។ ជនបង្កនៅតែជាប់បណ្ដឹងអាជ្ញា ហើយត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការសោកស្ដាយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាបន្ដបន្ទាប់នៅក្នុងសង្គម ហើយមានពេលខ្លះរហូតបាត់បង់ជីវិតថែមទៀតផង។

ឆ្លើយតបនឹងសំណួរថា តើសម្តេចយល់យ៉ាងណាចំពោះជនបង្កដែលចេះតែរួចខ្លួន ត្រឹមផ្តល់សំណងជាប្រាក់ជូនជនរងគ្រោះនោះ? សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សម្តេច មិនគាំទ្រដាច់ខាត។

ក្នុងបទសម្ភាសជូនអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ការប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ក៏ចង់ដឹងបន្ថែមទៀតផងដែរ អំពីរឿងរ៉ាវជាក់លាក់ដែលបានកើតមានឡើង ពិសេសអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ រហូតបាត់បង់ជីវិតអ្នកដទៃហើយរួចខ្លួន ដើម្បីចាត់វិធានការឱ្យបានសមស្រប។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា មិនមែនជារឿងទូទៅទេ កន្លែងខ្លះជាបុគ្គល ដែលខ្ញុំ ក៏ចង់ដឹងព័ត៌មានជាក់លាក់ ដើម្បីចាត់វិធានការឱ្យបានសមស្របដែរ ហើយខ្ញុំមិនគាំទ្ររឿងអ៊ីចឹងទេ»

សម្ដេចក្រឡាហោម បានទាញការចាប់អារម្មណ៍ដែរថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ គឺជារឿងដែលគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាគាំទ្រ ការបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ ហើយកត្តាដែលសំខាន់ គឺកត្តាមនុស្សតែម្ដង ក្នុងនោះអ្នកដែលធ្វើដំណើរក្ដី អ្នកដែលរស់នៅតាមដងផ្លូវក្ដី ត្រូវគោរពច្បាប់ចរាចរណ៍។

ក្នុងបទសម្ភាសន៍នោះ សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ពាក់ព័ន្ធការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកលើការរកសារធាតុញៀនលើអ្នកបើកបរផងដែរ។ សម្តេចក្រឡាហោម បានបញ្ជាក់ថា សារធាតុញៀនត្រូវបានដាក់ជាកាតព្វកិច្ច មិនមែនជាការភ្ញាក់រលឹកនោះទេ។ សម្ដេចបានពន្យល់ថា អ្នកបើកយានយន្ដទាំងឡាយ ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់អំពីភាពគ្មានសារធាតុញៀននៅក្នុងខ្លួន ទើបអនុញ្ញាតផ្ដល់ប័ណ្ណបើកបរ។

ពាក់ព័ន្ធកម្រិតផាកពិន័យចំពោះអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយមានសារធាតុស្រវឹងនៅក្នុងខ្លួនវិញ សម្ដេចក្រឡាហោម ស ខេង បានប្រគល់ជូនក្រសួងយុត្តិធម៌ ដើម្បីពិនិត្យកំណត់ឲ្យបានត្រឹមត្រូវតាមស្ដង់ដារ៕