ផ្លូវក្រាលកៅស៊ូ DBST ជិត៥គីឡូម៉ែត្រ ក្រុងបាវិត ត្រូវបើកការដ្ឋានស្ថាបនា និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាម៉េមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ


(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី៧ខែ ធ្នូ ឆ្នាំ២០២២នេះ បានបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ៤,៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាម៉េមួយខ្សែប្រវែង ៨៨៧ម៉ែត្រទទឹង៤ម៉ែត្រ ស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះ លោកអភិបាលក្រុងបាវិត បានក្រើនរំលឹក និងជំរុញដល់ប្រជាពលរដ្ឋទាំងអស់កុំព្រលែងសត្វពាហៈហនៈដែលចិញ្ចឹមពាសវាល ពាសកាល និយាយជារួមគឺរួមគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលកើតមានឡើងនៅមូលដ្ឋានហើយក៏មិនត្រូវសាងសង់សំណង់នៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈ ដើម្បីបរិស្ថានស្អាតនិងទីក្រុងមានសោភណ្ឌភាពល្អ ពីព្រោះថាសំរាម គឺជាបញ្ហាប្រឈមរួមដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ដោះស្រាយមិនអាចខ្វះបាន នាពេលបច្ចុប្បន្ននេះ។

លោក លឹម សៀងហេង បានបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឱ្យប្រទេសជាតិមានការរីចម្រើនលើគ្រប់វិស័យ ហើយក៏មិនប្រកាន់និន្នាការនយោបាយនោះដែរ គឺត្រូវបម្រើសេវាជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានហើយអ្វីដែលសម្រេចបាននោះគឺវាអាស្រ័យដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងផងដែរ។

លោកអភិបាលក្រុង បានបញ្ជាក់ថា នាពេលមកផ្លូវមួយខ្សែនេះមានសភាពតូចចង្អៀត និងខូចខាតច្រើនហើយនៅរដូវវស្សាស្ថានភាពផ្លូវគឺមានទឹកដក់ និងរអិលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះជាពិសេស គឺនៅពេលប្រជាពលរដ្ឋដឹកកសិផលមកកាន់ទីផ្សារសិស្សសាលាទៅរៀនសូត្ រនិងបងប្អូនកម្មករកម្មការិនីធ្វើដំណើរតែងតែជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ។

លោកអភិបាលក្រុងបានបន្ថែមថា សម្រាប់ការពង្រីក និងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ សូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុល ស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញផងដែរ ជាពិសេសគឺផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ ហើយនៅពេលផ្លូវនេះបានជួសជុលរួចហើយ សូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ ដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃមិនថានៅទីក្រុង ឬជនបទនោះឡើយ។

ជាមួយគ្នានេះ លោកអភិបាលក្រុងបាវិត បានសំណូមពរឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយត្រូវគិតថាផ្លូវជាសម្បត្តិរួម ដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ៕