អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ យកគ្រឿងចក្រចាប់ផ្តើមដំណើការជួសជុលផ្លូវរងការខូចខាតជាច្រើនខ្សែខ្លីៗគ្រប់ភូមិក្នុងឃុំថ្មពួក


(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារយកគ្រឿងចក្រចាប់ផ្តើមដំណើការជួសជុលផ្លូវរងការខូចខាតជាច្រើនខ្សែខ្លីៗគ្រប់ភូមិក្នុងឃុំថ្មពួក ស្រុកថ្មពួក ក្រាលគ្រួសក្រហមដើម្បីបង្កលក្ខណៈ ងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសចុះពិនិត្យមើលការជួសជុលផ្លូវ ឯកឧត្តម អ៊ុំ រាត្រី បានជំរុញឲ្យមន្ត្រីជំនាញខេត្ត និងអ្នកបច្ចេកទេសពន្លឿនការជួសជុលដែលជាកន្លែងអទិភាពមុន ព្រោះរដូវនេះជារដូវប្រមូលផលកសិកម្មរបស់ប្រជាពលរដ្ឋ ត្រូវការដឹកជញ្ជូនភោគផល ធ្វើដំណើរទៅមក។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងនាមក្រុមការងារទទួលស្រុកថ្មពួក នឹងបន្តខិតខំរួមគ្នាទាំងអស់ ដើម្បីសិក្សាដោះស្រាយបញ្ហាប្រឈមនានាឲ្យអស់លទ្ធភាព ដើម្បីរួមសហការជាមួយអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋអភិវឌ្ឍន៍ភូមិឃុំ។

ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី បានក្រើនរំលឹកដាស់តឿនបន្ថែមដល់ក្រុមការងារទទួលឃុំ ភូមិទាំងអស់ក្នុងស្រុកថ្មពួក សូមចុះមូលដ្ឋានជាប់ជាប្រចាំដល់ភូមិ ខ្នងផ្ទះដ់ម្បីក្តាប់បញ្ហា ដោះស្រាយឲ្យបាន បើករណីដោះស្រាយ មិនបានសូមធ្វើរបាយការណ៍ច្បាស់លាស់មកខេត្ត ដើម្បីលើកគម្រោង និងប្រជុំដោះស្រាយជាបន្តបន្ទាប់ទៀត៕