ឯកឧត្តម វេង សាខុន ទទួលជួប លោកសាស្រ្តាចារ្យ Andrew Campbell នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ


កាលពីវេលាម៉ោង ០៨:៣០ នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តទទួលជួប លោកសាស្រ្តាចារ្យ Andrew Campbell នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) នៅឯទីស្តីការក្រសួង ដើម្បីពិភាក្សាលើការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏វិស័យកសិកម្មរយៈពេលវែងនៅកម្ពុជា។
លោកសាស្រ្តាចារ្យ Andrew Campbell បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអនុញ្ញាតអោយ លោក និងប្រតិភូចូលជួបពិភាក្សាការងារ។ លោកបានគូសបញ្ជាក់ថា គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីពិភាក្សាអំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលបាននិងកំពុងប្រទះ និងពិនិត្យមើលនូវហានិភ័យលើវិស័យកសិកម្មដែលនឹងកើតឡើងនាពេលខាងមុខ ដើម្បីសិក្សាស្វែងរកនូវកាលានុវត្តភាពក្នុងការដោះស្រាយនូវបញ្ហាទាំងនោះអោយមានប្រសិទ្ធភាព និងនិរន្តភាព។ លោកបានបន្តថា តាមរយៈការគាំទ្រលើការស្រាវជ្រាវរបស់មជ្ឈមណ្ឌលនេះ លោកមានជំនឿថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចនឹងមានលទ្ធភាពពេញលេញក្នុងការទទួលបាននូវពត៌មាន ក៏ដូចជាធាតុចូលសំខាន់ៗបន្ថែមទៀត សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏វិស័យកសិកម្មរយៈពេលវែងកាន់តែប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលតែងតែគាំទ្រ និងសហការបានល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើការអភិវឌ្ឍន៏វិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏វិស័យកសិកម្ម រយៈពេលវែង ដែលទាមទារនូវការបញ្ជូលការសិក្សាស្រាវជ្រាវអំពី ការជំរុញផលិតកម្មកសិកម្មដែលមានតម្លៃថ្លៃដើមទាប និងការធ្វើពិពិធកម្មដំណាំស្រូវនិងដំណាំផ្សេងៗដែលអាចផ្តល់នូវទិន្នផលខ្ពស់ ការជំរុញផលិតកម្មសត្វនិងសុខភាពសត្វ ដោយពង្រីកការផលិតចំណីសត្វដែលមានភាពប្រកួតប្រជែង គុណភាពខ្ពស់ និងបង្កើននូវតំលៃបន្ថែម ការពង្រឹងសមត្ថភាពស្រាវជ្រាវក្នុងការពង្រីកវារីវប្បកម្មដើម្បីធានាសន្តិសុខស្បៀង និងកាត់បន្ថយការនេសាទធម្មជាតិ ការបង្កើតនូវសកម្មភាពថ្មីដល់សហគមន៏ព្រៃឈើដើម្បីបង្កអោយមានជីវភាពប្រសើរដោយកាត់បន្ថយការពឹងផ្អែកលើធនធានព្រៃឈើ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់តួនាទីរបស់ស្រ្តីនៅក្នុងវិស័យកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញអោយមានការផ្សារភ្ជាប់វិស័យឯកជនផងដែរនៅក្នុងការរៀបចំផែនការយុទ្ធសាស្រ្តនេះ ដើម្បីធានាដល់និរន្តភាពទីផ្សារកសិកម្ម ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអោយរដ្ឋាភិបាលអូស្រ្តាលីបន្តគាំទ្រដល់ការពង្រឹងសមត្ថភាពមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការផ្តល់នូវអាហារូបករណ៍សិក្សានៅឯប្រទេសអូស្រ្តាលី។
កិច្ចជំនួបនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃដដែលប្រកដោយភាពស្និទ្ធស្នាល និងការយោគយល់ខ្ពស់។