សម្ដេចក្រឡាហោម ស ខេង ចុះពិនិត្យ និងដឹកនាំកម្លាំងអន្ដរាគមន៍ផ្ទាល់ នៅទីតាំងភ្លើងឆេះកាស៉ីណូ ក្នុងក្រុងប៉ោយប៉ែត


(បន្ទាយមានជ័យ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះពិនិត្យ និងដឹកនាំកម្លាំងអន្ដរាគមន៍ដោយផ្ទាល់ នៅទីតាំងកាស៊ីណូហ្រ្គេនដាយមិន នៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវបានអគ្គិភ័យវាយប្រហារ តាំងពីវេលាម៉ោង១១យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

គួរជម្រាបថា យោងតាមរបាយការណ៍បឋម យ៉ាងហោចណាស់មានមនុស្ស១១នាក់ ត្រូវបានរកឃើញស្លាប់ និង៣០នាក់រងរបួស ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូហ្រ្គេនដាយមិន នៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈមកដល់ម៉ោងនេះ អគ្គិភ័យនៅមិនទាន់រលត់នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ខណៈភ្លើងមិនទាន់រលត់។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបញ្ជាផ្ទាល់របស់លោក សិទ្ធិ ឡោះ បានប្រើប្រាស់កម្លាំងសរុប៣៦០នាក់ រថយន្តពន្លត់អគ្គីភ័យ ១១គ្រឿង។ កម្លាំងកំពុងកិច្ចប្រតិបត្តិការជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងបន្តរុករកជនរងគ្រោះបន្តទៀត។ សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែមូលហេតុយ៉ាងណានោះនៅមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយ៕