បិទទំព័រឆ្នាំចាស់ជាមួយការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន


មុននឹងបិទបញ្ចប់ទំព័រឆ្នាំចាស់ឆ្នាំ២០២២ នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅកម្ពុជា បន្តដឹកដៃគ្នាធ្វើជាសហធិបតី បើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ដែលជាចំណងដៃដ៏ពិសិដ្ឋសម្រាប់ប្រជាពលរដ្ឋក្នុង ខេត្តកំពត និងខេត្តកែប។

ផ្លូវដែលបើកការដ្ឋានស្តារ និងលើកកម្ពស់គុណភាពជាថ្មីនេះ រួមមាន៖ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។ ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុច ប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។ ផ្លូវនេះត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤កន្លែង ផងដែរ។

ដោយឡែកផ្លូវជាតិលេខ៣៣ មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ពីក្រុងកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។ ផ្លូវនេះ នឹងត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៥សង់ទីម៉ែត្រ និងកម្រាស់ ៧សង់ទីម៉ែត្រ ព្រមទាំងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ និងមានកំណាត់ផ្លូវចំនួន ៤ទីតាំង នឹងត្រូវពង្រីកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ប្រវែងសរុប ១,៤៣១ម៉ែត្រ និង ១ទីតាំងទៀត នឹងត្រូវពង្រីកជា ៦គន្លង (៣គន្លងទៅ ៣គន្លងមក) ប្រវែង ៤៨០ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ប្រវែង ៩០ម៉ែត្រ ទទឹង ១២ម៉ែត្រ ស្របជាមួយនឹងស្ពានចាស់ និងជួសជុលកែលម្អស្ពាន ដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៦៥ម៉ែត្រ ព្រមទាំងដាក់លូគ្រប់ប្រភេទចំនួន ១៣៤កន្លែង។

គម្រោងស្ថាបនាផ្លូវជាតិទាំងពីរខ្សែនេះ ក៏មានរៀបចំផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋាន បច្ចេកទេសផ្លូវថ្នល់ និងបំពាក់កាំមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៥កន្លែង នៅលើខ្សែផ្លូវនីមួយៗផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យ Fresh News ដឹងថា ផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។ ផ្លូវទាំងពីរខ្សែគ្រោងប្រើពេលវេលាសាងសង់ចំនួន ៤០ខែ ដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦។

បើតាមលោកទេសរដ្ឋមន្ត្រី គម្រោងស្តារ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣១ គ្រោងចំណាយថវិការជាង ៦០លានដុល្លារអាមេរិក និងផ្លូវជាតិលេខ៣៣ គ្រោងចំណាយជាង ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ គឺជាខ្សែផ្លូវតភ្ជាប់គ្នា ដ៏មានសក្តានុពល ស្ថិតនៅតំបន់ប៉ូលសេដ្ឋកិច្ចនៃខេត្តភាគនិរតី។ ក្នុងនោះ ផ្លូវជាតិលេខ៣១ ឆ្លងកាត់ភូមិសាស្រ្តខេត្តតាកែវ និងខេត្តកំពត និងផ្លូវជាតិលេខ៣៣ ឆ្លងកាត់ខេត្តកំពត និងខេត្តកែប។ ផ្លូវជាតិទាំងពីរខ្សែនេះ មានភាពប្រទាក់ក្រឡាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ដូចជា៖ តភ្ជាប់ជាមួយផ្លូវជាតិលេខ៣ (ចាប់ពីថ្នល់បំបែកបែកគុស) ទៅដល់ទីរួមស្រុកកំពង់ត្រាច ខេត្តកំពត ត្រង់ចំណុចប្រសព្វតភ្ជាប់ទៅផ្លូវជាតិលេខ៣៣ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ផងដែរ តាមរយៈផ្លូវខេត្តលេខ១២៦។

ចំណែកឯផ្លូវជាតិលេខ៣៣វិញ គឺតភ្ជាប់ពីកំពង់ត្រាច ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៣១ ឆ្ពោះទៅកាន់តំបន់ឆ្នេរធម្មជាតិ និងកំពង់ផែសមុទ្រ នៅខេត្តកែប និងខេត្តកំពត និងទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ព្រមទាំងតភ្ជាប់ទៅផ្លូវជាតិលេខ៣ (កំពត-វាលរេញ) និងផ្លូវជាតិលេខ៤ (ព្រៃនប់) ឆ្ពោះទៅកាន់កំពង់ផែសមុទ្រដែលស្ថិតក្នុងខេត្តព្រះសីហនុផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ការសាងសង់ផ្លូវជាតិទាំងពីរខ្សែនេះឡើងវិញ គឺដោយពិនិត្យឃើញថា ស្ថានភាពផ្លូវជាតិទាំងពីរខ្សែនេះ នៅមានកម្រិតទាប មានសភាពទ្រុឌទ្រោម និងកន្លែងខ្លះកំពុងទទួលរងការខូចខាតធ្ងន់ធ្ងរ ដែលមិនអាចឆ្លើយតបទៅនឹងការរីកចម្រើននាពេលបច្ចុប្បន្ន របស់បណ្តាខេត្តនៅតំបន់មាត់សមុទ្រនេះ។ ក្រោយបញ្ចប់ការសាងសង់ ផ្លូវជាតិទាំងពីរខ្សែនេះ នឹងចូលរួមចំណែកដល់ការតភ្ជាប់រវាងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ព្រមទាំងតភ្ជាប់ទៅនឹងតំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ព្រំដែនកម្ពុជា-វៀតណាម និងតំបន់ទេសចរណ៍នានា នៅក្នុងខេត្តកែប និងខេត្តកំពត។

ផ្លូវជាតិទាំងពីរខ្សែនេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ ដែលនឹងប្រែក្លាយតំបន់ឆ្នេរឱ្យក្លាយទៅជាតំបន់ ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរនិងប្រទាក់ក្រឡាគ្នា ដើម្បីរួមចំណែកនៅក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

សម្រាប់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងស្តារ និងលើកកម្ពស់គុណភាពផ្លូវទាំងពីរខ្សែខាងលើ ក៏ដូចជាការសម្រេចបានការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទេសដូចនាពេលបច្ចុប្បន្ននេះ គឺកើតឡើងដោយសារសុខសន្តិភាព ដែលជាកត្តាសារវន្តមិនអាចខ្វះបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំមកឱ្យកម្ពុជាទទួលបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមពេញលេញ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យទាំងនៅទីក្រុង និងជនបទ និងបានប្រែក្លាយកម្ពុជា ឱ្យក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពរបស់ពិភពលោក។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋខ្មែរត្រូវតែចងចាំគុណូបការៈ និងគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនកម្ពុជា និងបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងបុព្វហេតុជាតិមាតុភូមិ ឱ្យទទួលបានការអភិវឌ្ឍរីកចម្រើនដូចនាពេលបច្ចុប្បន្ននេះ៕