ក្រុមយុវជនទស្សនកិច្ចចិន រៃអង្គាសថវិកាជួយនិស្សិតខ្មែរ


Youth China 16 03 16 3 copy   Youth China 16 03 16 2 copy

     បណ្ឌិត​ ហ៊ុន ម៉ាណែត និង​ក្រុម​យុវជន​គណ​បក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​រូប ​ដែល​កំពុង​ទស្សន​កិច្ច​ក្នុង​ប្រទេស​ចិន បាន​រៃ​អង្គាស​ប្រាក់​បាន​ជាង​ ២​ពាន់​ដុល្លារ ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​និស្សិត​ខ្មែរ​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​ម្នាក់ ដែល​កើត​ជំងឺ​មហា​រីក​គ្រាប់​ឈាម និង​ត្រូវ​ការ​ថវិកា​ជា​ច្រើន​ដើម្បី​ព្យាបាល ​។

     ថវិកា​ជាង​ ២​ពាន់​ដុល្លារ​ នេះ ត្រូវ​បាន​រៃ​អង្គាស​ជូន​និស្សិត​រង​គ្រោះ​ ក្នុង​ពេល​ជួប​ជុំ​អាហារ​សាមគ្គី​រវាង​បណ្ឌិត ហ៊ុន ម៉ាណែត និង​ក្រុម​យុវជន​គណ​បក្ស​ប្រជា​ជន​កម្ពុជា ជា​មួយ​និស្សិត​អាហា​រូប​ករណ៍​នៅ​ប្រទេស​ចិន​នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​មិនា ឆ្នាំ​ ២០១៦​ ។ ហើយ​នៅ​ថ្ងៃ​នេះ​ផងដែរ បណ្ឌិត ​ហ៊ុន ម៉ាណែត និង​គណៈ​ប្រតិភូ បាន​អញ្ជើញ​ជួប​ជា​មួយ​រដ្ឋ​មន្ត្រី​ទំនាក់​ទំនង​អន្តរ​ជាតិ​ចិន និង​បាន​បំពេញ​ទស្សន​កិច្ច​សិក្សា​ជា​ច្រើន​កន្លែង ។

     គួរ​រំលឹក​ថា ក្រុម​ការងារ​យុវជន​ថ្នាក់​កណ្តាល ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​និង ​បណ្ឌិត ​ហ៊ុន ​ម៉ាណែត​កំពុង​ស្ថិត​ក្នុង​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន ក្នុង​ដំណើរ​បំពេញ​ទស្សន​កិច្ច​ចំនួន​ ១០​ថ្ងៃ ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង រឹត​ចំណង​សាមគ្គី​ភាព​មិត្ត​ភាព​ រវាង​យុវជន​នៃ​ប្រទេស​ទាំង​​ពីរ ​។ ដំណើរ​ទស្សន​កិច្ច​បាន​ចាប់​ផ្តើម​ធ្វើ​តាំង​ពី​ថ្ងៃ​ទី​១៣ ​ខែ​មិនា ​ដល់​ថ្ងៃ​ទី​២៣ ​ខែ​មិនា ឆ្នាំ ២០១៦ នឹង​មាន​ការ​ចុះ​អនុស្សរណៈ ​លើ​កិច្ច​សហ​ប្រត្តិបត្តិ​ការ​ថែម​ទៀត​ផង​ ។

     យុវជន​គណ​បក្ស​ប្រជា​ជន​កម្ពុជា ត្រូវ​គេ​ឃើញ​បាន​ពង្រីក​ឥទ្ធិពល​ នៅ​តាម​បណ្តា​ប្រ​ទេស​ធំ​ៗ​លើ​សកល​លោក ដូច​ជា​នៅ​ទ្វីប​អាម៉េរិក​… អូស៊ីអានី​… អឺរ៉ុប​… និង​អាស៊ី ជា​ដើម​ ។