សម្ដេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ កុំឲ្យថ្ងៃបុណ្យចូលឆ្នាំចិន ក្លាយជាទុក្ខ និងប្រយ័ត្នប្រយែងរឿងអគ្គិភ័យ


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ យកចិត្ដទុកដាក់គោរពច្បាប់ចរាចរណ៍ កុំឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ក្លាយជាទុក្ខ និងត្រូវប្រយ័ត្នប្រយែងរឿងអគ្គិភ័យ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យដំណើរ ការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវ ចំពោះប្រជាពលរដ្ឋ កុំឲ្យថ្ងៃបុណ្យចូលឆ្នាំ ចិន-វៀតណាម ក្លាយជាទុក្ខ សូមអង្វករប្រជាពលរដ្ឋរបស់យើង យកចិត្ដទុកដាក់ជាមួយ នឹងការគោរពច្បាប់ចរាចរណ៍ សូមឲ្យមានសុវត្ថិភាព និងអំពាវនាវឲ្យប្រយ័ត្នប្រយែងរឿងអគ្គិភ័យ ដោយសាររឿងសែន និងដុតធូប ដើម្បីសែនដូនតា»

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប៉ុន្មានថ្ងៃទៀត ចូលឆ្នាំចិន-រៀតណាម បានមកដល់ហើយ កង្វល់ពិតប្រាកដប្រហែល ជាមិនមែនកូវីដ-១៩នោះទេ កូវីដ-១៩ នៅតែជាកង្វល់ ដែលអាចនឹងមានការឆ្លង ប៉ុន្ដែវាតិចតួច កង្វល់ពិតប្រាកដ ដែលសម្ដេចកំពុងតែខ្វល់នៅពេលនេះ សម្រាប់ពេលបុណ្យចូលឆ្នាំ ចិន-វៀតណាម គឺរឿងគ្រោះថ្នាក់ចរាចរណ៍ និងរឿងអគ្គិភ័យ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមជូនពរឲ្យបងប្អូនប្រជាពលរដ្ឋ ទទួលការសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ចិន-វៀតណាម កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងខិតខំធ្វើយ៉ាងម្ដេច ដើម្បីការពារសុវត្ថិភាព កុំឲ្យមានអគ្គិភ័យកើតឡើង ដោយសារតែការធ្វេសប្រហេស ក្នុងការដុតទៀន-ធូប សែនព្រេន។

សូមជម្រាបថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ៕