ឯកឧត្តម ម៉ៅ ធនិន អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់របស់ បងប្អូនអាជីវករផ្សារប្រម៉ោយ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បានជម្រុញឲ្យអាជ្ញាធរស្រុក សហការរៀបចំចាក់ដីផ្លូវចូលផ្សារប្រម៉ោយឲ្យបានស្អាតល្អ ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើសេចក្តីត្រូវការរបស់អាជីវករ។ ទន្ទឹមនឹងនោះអាជ្ញាធរស្រុក ត្រូវស្រង់បច្ចុប្បន្នភាពអាជីវករក្នុងផ្សារប្រម៉ោយឲ្យបានចប់សព្វគ្រប់ ហើយនៅថ្ងៃណាមួយឯកឧត្តមនឹងជួបជុំជាមួយអាជីវករម្តង ដើម្បីលើកពីបញ្ហាប្រឈម និងសំណូមពរ ក្នុងការប្រកបរបររកស៊ីទទួលទានប្រចាំថ្ងៃ រួមគ្នាដោះស្រាយទាំងអស់គ្នា។

ការជម្រុញរបស់ឯកឧត្តម ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ជាមួយបងប្អូនអាជីវករផ្សារប្រម៉ោយ ដោយបានការចូលរួមពីលោក លៀម ប៊ុនរឿម ប្រធានមន្ទីរ ដ.ន.ស.ស ខេត្ត, លោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកវាលវែង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានចុះពិនិត្យមើលការកសាងផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់ព្រំដែនឃុំថ្មដា ជាប់នឹងខេត្តត្រាត ប្រទេសថៃ ដែលបាននឹងកំពុងស្ថាបនាយ៉ាងមមាញឹកបានប្រមាណ៨៥%ហើយ។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥៥ មានប្រវែង១៨២គីឡូម៉ែត្រ មានទទឹង៩ម៉ែត្រ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណ១៣២លាន ២សែនដុល្លារអាមេរិក ជាប្រភេទផ្លូវ(DBST) គិតចាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចPK៩១+១៥០ ស្រុកភ្នំក្រវាញ រហូតដល់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំដែនកម្ពុជា-ថៃ ហើយផ្លូវនេះត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥កន្លងទៅ៕