រដ្ឋមន្ដ្រីកសិកម្ម៖ ក្រសួងនឹងប្រែក្លាយចម្ការកៅស៊ូជប់ ក្នុងខេត្តត្បូងឃ្មុំ ទៅជាសារមន្ទីរ សម្រាប់សិក្សាស្រាវជ្រាវពូជកៅស៊ូ


(ត្បូងឃ្មុំ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងនឹងប្រែក្លាយចម្ការកៅស៊ូជប់ ដែលមានទីតាំងស្ថិតនៅ ក្នុងឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅជាសារមន្ទីរ សម្រាប់សិក្សាស្រាវជ្រាវពូជកៅស៊ូ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ឌិត ទីណា ចុះទស្សនកិច្ច នៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ថិតនៅក្នុងឃុំជីរោរិ៍ទី២ ស្រុក/ខេត្ដត្បូងឃ្មុំ ដើម្បីស្វែងយល់ពីស្ថានភាពមូលដ្ឋាន និងការកាត់បន្ថយថ្លៃដើម តាមរយៈការបង្កើតពូជថ្មី មានទិន្នផលខ្ពស់ ធន់នឹងជំងឺ ការរក្សានូវគុណភាពដី និងកាត់បន្ថយ នូវការចំណាយផ្សេងៗក្នុងផលិតកម្ម នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា «ខ្ញុំនឹងឲ្យជំនាញយើង រៀបចំការពារ និងព្យាបាល ដែលមួយចំនួន វាអាចមានជំងឺអីនោះ ព្រោះវាជាស្តុក នៃពូជសម្រាប់ការស្រាវជ្រាវ និងផលិតពូជបន្តទៅទៀត  ថ្ងៃក្រោយទៅគឺថា រាប់ជាសារៈមន្ទីរហើយ ក្នុងផ្ទៃដី១៤ហិកតា របស់ចំការកៅស៊ូជប់ ដោយនឹងរៀបចំការពារឲ្យបានល្អ ហើយទុកសម្រាប់សិក្សាស្រាវជ្រាវ សម្រាប់ពូជរបស់យើង»

ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ចំការកៅស៊ូជប់ មានកៅស៊ូដែលនៅសល់តាំងពីជំនាន់មុនមក ដោយយោងតាមឯកសារ គឺឆ្នាំ១៩២៤ មកដល់បច្ចុប្បន្ន មានអាយុកាល៩៩ឆ្នាំ។

ឯកឧត្តមបានគូសបញ្ជាក់ថា អ្វីដែលសំខាន់ យើងអាចចាត់ទុកថា ជាសារមន្ទីរកៅស៊ូ ឬអាចចាត់ទុក ជាទ្រព្យសម្បត្តិរបស់ជាតិមួយដ៏មានតម្លៃ ព្រោះគ្មាននៅកន្លែងណាផ្សេងទៀតទេ ដែលកៅស៊ូ យកមកដាំពីមុនមក នៅសល់ប្រមាណ៤៧៧ដើម។

បន្ថែមពីនោះទៀត រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងឲ្យជំនាញរៀបចំការពារ និងព្យាបាលកៅស៊ូ នៅក្នុងចម្ការកៅស៊ូជប់ ដែលមួយចំនួន វាអាចមានជំងឺ ព្រោះវាជាស្តុក នៃពូជសម្រាប់ការស្រាវជ្រាវ និងផលិតពូជបន្តទៅទៀត។

សូមបញ្ជាក់ថា ចម្ការកៅស៊ូជប់ មានទីតាំងស្ថិតមានទីតាំងស្ថិតនៅ ក្នុងឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលនៅសល់ដើមកៅស៊ូ អាយុកាល៩៩ឆ្នាំ ប្រមាណ៤៧៧ដើម និងមានផ្ទៃដីប្រមាណ១៤ហិកតា៕