ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង


(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង។

តាមរបាយការណ៍សាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានសម្រេចជ្រើសយកទីតាំងថ្មីដើម្បីសាងសង់ ស្ថិតនៅភូមិបារាយណ៍ខាងកើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង លើទំហំផ្ទៃដី ២៥,៦០០ម៉ែត្រការ៉េ ហើយជំហានដំបូងកសាងអគារសេនាធិការដ្ឋាន ដែលមានបណ្តោយ ៥៦ម៉ែត្រ ទទឹង ១១ម៉ែត្រ និង កម្ពស់ ៣ជាន់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានចាត់ទុកសមិទ្ធផលថ្មីដែលបានចាប់ផ្តើមសាងសង់នៅពេលនេះ ពិតជាបានឆ្លើយតបទៅនឹងសេចក្តីត្រូវការ សំណូមពរភារកិច្ចរបស់កងរាជអាវុធហត្ថខេត្តព្រៃវែង ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរក្សាភាពសុខសាន្តជូនប្រជាជន។

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដឹកនាំបញ្ជាកម្លាំងកងរាជអាវុធហត្ថ ធ្វើកំណែទម្រង់ដ៏ជាក់លាក់ លើកកម្ពស់សមត្ថភាពអង្គភាព និងជំនាញ សហការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម កសាងជំរំបន្ទាយតាមរចនាបទតែមួយ។

ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងពីសមិទ្ធផលថ្មីៗ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើគ្រប់វិស័យមានការរីកលូតលាស់ ក្នុងនោះ ការពារបានយ៉ាងគត់មត់នូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងការរស់នៅសុខដុមរមនារបស់ប្រជាជន។

«ពាក្យស្លោក អរគុណសន្តិភាព បានលាន់រន្ទឺពាសពេញប្រទេស និងក្លាយជាស្មារតីនៃសង្គមជាតិដ៏ខ្លាំងក្លារស់រវើកនៅក្នុងដំណើរកសាង និងការពារមាតុភូមិ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវយល់ និងស្គាល់ច្បាស់ពីប្រភពឬសគល់នៃសន្តិភាព បានមកពីណា? សន្តិភាព បានមកពីការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន»។ នេះជាការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន។

ពាក់ព័ន្ធការប្រយុទ្ធជំងឺកូវីដ១៩ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការដឹកនាំឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដាក់ចេញយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួច ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព តាមរយៈការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ (យុទ្ធសាស្ត្រផ្ការីក) សង្គ្រោះជីវិតប្រជាជនរួចផុតពីជ្រោះមរណៈជំងឺកូវីដ១៩ និងបានបើកប្រទេស ស្តារសេដ្ឋកិច្ចឡើងវិញ។

ទន្ទឹមនឹងសមិទ្ធផលខាងលើ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានលើកឡើងពីកិត្យានុភាពកម្ពុជា ដែលកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ តាមរយៈជោគជ័យដ៏ត្រចះត្រចង់នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា កន្លងមកថ្មីៗនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅចុងបញ្ចប់ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ បន្តអនុវត្តន៍ឱ្យមានម៉ឺងម៉ាត់រាល់បទបញ្ជាដែលបានប្រគល់ ក្នុងនោះចូលរួមការពារឱ្យបានរឹងមាំសន្តិភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម កម្ទេចរាល់កម្លាំងអមិត្ត ដែលមានបំណងបង្កវិទ្ធង្សនា បង្កអស្ថិរភាពសង្គម នយោបាយនៅកម្ពុជា៕