ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រជូនដល់សិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មីឆ្នាំ២០១៦


ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រជូនដល់សិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មីឆ្នាំ២០១៦ សរុបចំនួន ៩២៣នាក់ (នារី ៣៦៨នាក់) មកពីក្រសួង-ស្ថាប័នចំនួន ២៣ ដោយធ្វើការបែងចែកជា ៥វគ្គ នាវេលាព្រឹកនេះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នៅសាលាភូមិន្ទរដ្ឋបាល ។ គូសបញ្ជាក់ផងដែរ វគ្គបណ្ដុះបណ្ដាលនេះបានសម្រេចដោយជោគជ័យចំនួន ២វគ្គ នាពេលកន្លងមក មានចំនួន ២៨២នាក់ (នារី ១០៧នាក់ ស្មើរនិង ៣៧.៩៤%)។ នៅក្នុងឱកាសនោះ ឯកឧត្តមកិត្តិបណ្ឌិត បានផ្តល់អនុសាសន៍ និងក្រើនរំលឹកដល់មន្ត្រីរាជការគ្រប់រូបត្រូវបន្តប្រកាន់ខ្ជាប់ និងស្វែងយល់កាន់តែច្បាស់ពីតួនាទី និងវិជ្ជាជីវៈរបស់ខ្លួន បង្កើនសមត្ថភាព ក៏ដូចជារៀបចំឥរិយាបថរបស់ខ្លួន ឱ្យបានសមស្របជាមន្ត្រីរាជការដើម្បីបម្រើប្រទេសជាតិ និងប្រជាជន។ បន្ថែមពីនេះ គ្រប់ក្រសួង-ស្ថានប័ន ត្រូវមានផែនការបណ្តុះបណ្តាល និងលើកទឹកចិត្តមន្ត្រីរាជការគ្រប់រូប ប្រកបដោយទិសដៅជាក់លាក់ យុទ្ធសាស្ត្រ ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ដោយត្រូវមានការសហការជាមួយស្ថាប័នបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ជាពិសេសការសហការជាមួយក្រសួងមុខងារសាធារណៈ និងដៃគូរអភិវឌ្ឍន៍។