លោក លឹម វីរក្ស ដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ


នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៧ លោក លឹម វីរក្ស អគ្គនាយករងកិច្ចការបច្ចេកទេស បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវនៅខេត្តកំពង់ស្ពឺ ។
សូមជម្រាបថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាបន្តបន្ទាប់ បានធ្វើឱ្យតំបន់ជាច្រើនក្នុងខេត្តកំពង់ស្ពឺ មានទឹកបរិបូណ៍ ពិសេសទឹកសម្រាប់បង្កបង្កើនផល ។ ដោយឡែក ចំពោះការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សាវិញ មកទល់ពេលនេះ សម្រេចបានប្រមាណ ៦៥% នៃផែនការដែលបានដាក់ចុះ ។
នៅក្នុងឱកាសចុះពិនិត្យនោះ លោក លឹម វីរក្ស បានរំលឹកនូវបទបញ្ហារបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានណែនាំឱ្យយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ថែរក្សាទឹកទុកឱ្យបានល្អ និងចាត់វិធានការបង្វែរពីកន្លែងដែលមានច្រើន ទៅកាន់កន្លែងដែលខ្វះខាត ដើម្បីឱ្យការស្តុកទឹកទុកជារួមរបស់យើង បានកាន់តែច្រើន ។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់មន្ទីរ ឱ្យបន្តយកចិត្តទុកដាក់ចុះតាមដានជាប្រចាំនូវការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ពិសេសការផ្គត់ផ្គង់ទឹក ធ្វើយ៉ាងណា ឱ្យការដាំដុះទទួលបានទិន្នផលល្អប្រសើរ ។