ឯកឧត្តម វេង សាខុន អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការអនុវត្តគម្រោងផលិតកម្មកសិកម្មតាមកិច្ចសន្យាបែបទំនើប”


នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (Memorendon of Understanding, MOU) ស្តីពី “កិច្ចសហប្រតិបត្តិការអនុវត្តគម្រោងផលិតកម្មកសិកម្មតាមកិច្ចសន្យាបែបទំនើប” រវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជាមួយក្រុម ហ៊ុនសោម៉ាគ្រុបខូអិលធីឌី តំណាងដោយ ឯកឧត្តម សុខ ពុទ្ធិវុធ រួមជាមួយ ឯកឧត្តមរដ្ឋលេខាធិកា ឯកឧត្តម អនុរដ្ឋលេខាធិកា តំណាងក្រុមហ៊ុនសាន់រ៉ាយមកពីអូស្រ្តាលី ឯកឧត្តមអគ្គនាយក អគ្គនាយករង លោក លោកស្រី ជាមន្រ្តីរាជការក្រោមឪវាទក្រសួងជាច្រើនរូបផងដែរ ។
អនុស្សរណៈនេះមានគោលបំណងអនុវត្តគម្រោងផលិតកម្មកសិកម្មតាមកិច្ចសន្យាបែបទំនើបស្របតាម អនុក្រឹត្យលេខ៣៦ អនក្រ.បក ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា និងសារាចរណែនាំលេខ១៩៦ ស្តីពីគោលការណ៍ណែនាំក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ជារួមគម្រោងនេះសង្កត់ធ្ងន់ទៅលើដំណាំស្រូវ ដំណាំវិលជុំ ការប្រើប្រាស់បច្ចេកវិទ្យាក្រោយពេលប្រមូលផល ការប្រើប្រាស់គ្រឿងយន្តកសិកម្ម ការប្រើប្រាស់ជី និងថ្នាំកសិកម្មឲ្យបានត្រឹមត្រូវតាមបច្ចេកទេស និងស្ថានភាពដី ការស្វែងរកទីផ្សារ ការកៀងគរជំនួយថវិកាដើម្បីជួយដល់ប្រជាកសិករ។ល។ នេះបើសតាមប្រាសសន៍បញ្ជាក់ពីឯកឧត្តម សុខ ពុទ្ធិវុធ។ នាឪកាសនេះផងដែរ លោកសូមថ្លែងអំណរគុណយ៉ាងអនេកជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីនិងសហការីដែលបានគាំទ្រ គម្រោងនេះតាំងពីដើមដល់ចប់ រហូតឈានដល់សម្រេចបានលទ្ធផលជាផ្លែផ្កានាថ្ងៃនេះ។
មានប្រសាសន៍ឆ្លើយតបទៅនឹងឯកឧត្តមអគ្គនាយកក្រុមហ៊ុនសោម៉ា ឯកឧត្តមរដ្ឋមន្រ្តីសូមកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងការនេះ ព្រោះជាឪកាសដ៏ល្អដែលក្រុមហ៊ុនបោះទុនវិនិយោគចំពេលដែលវិស័យកសិកម្មបាននិងកំពុងត្រូវការបច្ចេកវិទ្យាដើម្បីពង្រីកសក្តានុពលលើគ្រប់អនុវិស័យឈានទៅសម្រេចឲ្យខាងតែបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលចង់ប្រែក្លាយប្រទេសមួយនេះទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ២០៣០។ ម្យ៉ាងវិញទៀត សមិទ្ធផលនេះគឺជាជោគជ័យមួយរបស់ក្រសួងក៏ដូចជារបស់រាជរដ្ឋាភិបាលផងដែរ ពីព្រោះនាពេលអនាគតក្រុមហ៊ុនអាចផលិតផលិតផលកសិកម្មដែលមានគុណភាព សុវត្ថិភាពនិងធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកបានបញ្ជាក់ផងដែរថាការ ប្រើប្រាស់គ្រឿងចក្រកសិកម្ម ជី និងថ្នាំកសិកម្ម បច្ចេកវិទ្យាក្រោយពេលប្រមូលផល ទាមទារនូវធនធានមនុស្សមានសមត្ថភាព និងគំនិតច្នៃប្រឌិតធ្វើយ៉ាងណាឲ្យបានសមស្របទៅតាមស្ថានភាពដី គុណភាពដីស្រែលទ្ធភាព និងសមត្ថភាពរបស់ប្រជាកសិករ ក្នុងរបត់ថ្មីនៃការផ្លាស់ប្តូរការធ្វើកសិកម្មតាមទំលាប់បូរាណ មកជាការធ្វើកសិកម្មទំនើបវិញ ។ យើងសង្ឃឹមថាតាមរយៈនៃការធ្វើទំនើបកម្មនេះ ប្រាកដជាទទួលបានទិន្នផលខ្ពស់ ឈានទៅធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ និងធ្វើការនាំចេញ ស្របតាមទស្សនៈវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការធ្វើចំណាក់ស្រុក។