ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន សម្ពោធផ្លូវ ៧ខ្សែប្រវែងសរុប ៣,៨០០ម៉ែត្រ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ


ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នារសៀលថ្ងៃទី0៥ ខែមករា ឆ្នាំ២០២៣នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៧ខ្សែមានប្រវែងសរុប ៣,៨០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងជ្រៃ ភូមិដូនដួង និងភូមិបល្ល័ង្ក នៃឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិ និងភូមិជុំវិញប្រើប្រាស់ជាប្រយោជន៍រួម។

នាឱកាសនោះ លោក ជា ចាន់ហេង ប្រធានក្រុមការងារចុះជួយឃុំបល្ល័ង្ក បានឱ្យដឹងថា ផ្លូវលំទាំង ០៧ខ្សែនេះមានសរុបប្រវែង ៣.៨០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងជ្រៃ ភូមិដូនដួង និងភូមិបល្ល័ង្ក នៃឃុំបល្ល័ង្ក និងជាផ្លូវលំមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផល ព្រមទាំងសិស្សានុសិស្សធ្វើដំណើរទៅរៀននៅសាលាបឋមសិក្សា ងួន ញ៉ិល។

លោក ជា ចាន់ហេង បានបន្តថា ផ្លូវលំទាំង៣ខ្សែនេះត្រូវបានជួសជុលឡើងវិញដោយក្រុមការងារគ្រឿងចក្រតំបន់អភិវឌ្ឍន៍សម្ដេចតេជោ ហ៊ុន សែន ទី៥ ស្រុកបារាយណ៍ ដោយបានឈូសកិនបង្ហាប់ និងក្រាលកំទេចថ្មខ្មៅកម្រាស់ ១០ ស.ម សរុបចំនួន ១៤៥ឡាន ឬស្មើនឹងប្រមាណ ១.២៩០ម៉ែត្រគូប ក្រោមការឧបត្ថម្ភរបស់លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក និងលោក ជា បូរ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ ចំនួន ២២.០០០.០០០រៀល ក្នុងនោះលោក កូវ គឹមលាង ម្ចាស់អាជីកម្មកិនថ្ម បានឧបត្ថម្ភកំទេចថ្មខ្មៅចំនួន ១៤៥ឡាន គិតជាទឹកប្រាក់ស្មើនឹង ១៣,៩០០$។

លើកឡើងនាឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋទាំង ៣ភូមិ និងបានអះអាងថា សម្តេចទាំងទ្វេរតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាប់ជានិច្ច នឹងមិនទុកឱ្យប្រជាពលរដ្ឋ ជួបទុក្ខលំបាក ដោយមិនបានការគិតគូរពីសម្តេចនោះឡើយ។

ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើងពីកត្តាសុខសន្តិភាព ការអភិវឌ្ឍ និងសមិទ្ធផលរបស់ជាតិដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងគម្រោងអភិវឌ្ឍន៍នានាដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកំពុងអនុវត្ត ដើម្បីសម្រួលដល់ការរស់នៅ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ តួយ៉ាងដូចជាការសម្រេចបាននូវការកសាងជួសជុលផ្លូវទាំង៧ខ្សែនាថ្ងៃនេះ ក៏ជាផ្លែផ្កានៃសុខសន្តិភាព ស្ថិរភាពនយោបាយផងដែរ។

បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្រោមការដឹកនាំរបស់របស់សម្តេចតេជោ ហ៊ុន សែន ជម្រាបដល់ប្រជាពលរដ្ឋ ក្នុងនោះក៏មានការសម្រេចបាននូវសមិទ្ធផលផ្លូវជាតិខ្វាត់ខ្វែងទូទាំងប្រទេស ដែលបានពង្រីក និងលើកកម្រិតកគុណភាពពីកៅស៊ូ ២ស្រទាប់ស្តើង ទៅជាផ្លូវបេតុងកៅស៊ូ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ បានកាន់តែឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះក៏បានលើកឡើងពីសមិទ្ធផលផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ដែលជាខ្សែផ្លូវល្បឿនលឿនខ្សែតំបូងរបស់កម្ពុជា រួមទាំងសមិទ្ធផលផ្លូវសំខាន់ៗមួយចំនួនទៀតផងដែរ។

បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី បានបន្តលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ការអនុវត្តនយោបាយចាក់ស្រោចវ៉ាក់សាំងដើម្បីការពារសុខមាលភាពប្រជាជន។ លោកក៏បានជំរុញឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា ដើម្បីបង្កើនការការពាររាងកាយពីការយាយីដោយសារជំងឺកូវីដ១៩នេះ ព្រមទាំងការចូលរួមអនុវត្តវិធានការបង្ការការពារមេរោគនេះបន្តផងដែរ និងខិតខំថែរក្សាសុខភាព រក្សាអនាម័យ និងប្រកាន់ខ្ជាប់នូវវិធានការ៣កុំនិង៣ការពារ ក្នុងបរិបទជំងឺកូវីដ១៩នេះផងដែរ។

ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក ឯកឧត្តម ថោង ខុន បានជំរុញឱ្យប្រជាពលរដ្ឋត្រូវត្រៀមអត្តសញ្ញាណបណ្ណឱ្យបានគ្រប់គ្នា ដើម្បីត្រៀមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីបន្តសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងសុខដុមរមនាសម្រាប់ប្រជាជនបន្តទៅមុខទៀតផងដែរ៕