អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងជួសជុលផ្លូវឡើងវិញ នៅចំណុចផ្សារចាស់ និងផ្លូវកំពង់ក្របៅ ក្នុងក្រុងស្ទឹងសែន


ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អមដំណើរដោយក្រុមការងារថ្នាក់ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះត្រួតពិនិត្យផ្លូវដែលកំពុងធ្វើការជួសជុល និងកែលម្អរដោយអ៊ុតកៅស៊ូថ្មីឡើងវិញ ក្នុងគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាប ក្នុងក្រុងសឹ្ទងសែនជំហានទី២ ត្រង់ចំណុចផ្លូវផ្សារចាស់ និងផ្លូវកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លើកឡើងនាឱកាសនោះឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា ការអ៊ុតកៅស៊ូផ្លូវថ្មីនេះ ក្នុងគោលបំណងកែលម្អសោភណ្ឌភាពផ្លូវ និងដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបានការប្រើប្រាស់មានភាពយូរអង្វែង និងត្រៀមក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៧ ព្រមទាំងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ដោយធ្វើឱ្យបានលឿនជាអតិបរិមា។

បើតាមលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានបញ្ជាក់ដែរថា ដោយសារស្ថានភាពផ្លូវនេះកាលពីឆ្នាំ២០២២កន្លងទៅនេះ ទទួលរងនូវទឹកជំនន់មានការខូចខាត ដូចនេះក្នុងការកែលម្អផ្លូវនេះនឹងធ្វើឱ្យទៅជាផ្លូវបេតុងកៅស៊ូ (AC) ដោយមានប្រវែងសរុបចំនួន ១.០០០ម៉ែត្រ។

គួររំលឹកផងដែរថា ខេត្តកំពង់ធំ និងរៀបចំពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ននិងអនាគត ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ៕