ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត ២ពាន់នាក់


នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាលយធនធាន​មនុស្ស​សរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះនារី ១,០៣៣នាក់។

និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិត​បញ្ចប់​ការសិក្សាថ្នាក់បរិញ្ញាបត្ររង​ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ ដែលបាន​បញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា​២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាន​និស្សិត​អាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិតចំនួន ៣២នាក់ផងដែរ។

សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការ​ចូល​រួម​ចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិតទៅតាម​ផែន​ការ​យុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោ​បាយ និងផែនការយុទ្ធសាស្ត្រ​របស់​ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីនយោ​បាយ​របស់​រាជរដ្ឋាភិបាលជា​អាទិភាព ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកប​ដោយ​សមត្ថភាព និងគុណភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និង​ទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យម​កម្រិតខ្ពស់​ត្រឹម​ឆ្នាំ២០៣០។

សាកលវិទ្យាល័យធនធានមនុស្ស បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងលើក​កម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីឱ្យ​ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ជ និងទីផ្សារការងារ។ ជា​មួយ​គ្នានេះដែរ ដើម្បីធានាដល់ការអនុវត្តយន្តការពង្រឹង និងពង្រីកគុណ​ភាព​អប់​រំបណ្តុះបណ្តាល និងទិសដៅអភិវឌ្ឍរបស់ខ្លួននោះ សាកលវិទ្យាល័យ​បានធ្វើកំណែ​ទ​ម្រង់ទាំងផ្នែកទន់ និងផ្នែករឹង ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធអភិបាលកិច្ច ប្រព័ន្ធ​​គ្រប់គ្រងដំណើរការបណ្តុះបណ្តាលនិងបច្ចេកទេសសិក្សា អភិវឌ្ឍកម្មវិធី សិក្សា ស្របតាមក្របខណ្ឌគុណវឌ្ឍិជាតិ និងពង្រឹងប្រព័ន្ធធានាគុណភាព​អប់រំផ្ទៃក្នុង ឱ្យស្របតាម ស្តង់ដាគុណភាពអប់រំដែលបានកំណត់។

លោកសាស្រ្តាចារ្យបណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ នៃសាកលវិទ្យា​ល័យ​ធន​ធានមនុស្ស បានគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែងកំណែទម្រង់ និងអភិវឌ្ឍ​គុណ​​ភាពបណ្តុះបណ្តាល ប្រកបដោយឆន្ទៈស្មារតីទទួលខុសត្រូវ និងឆ្លងកាត់បទ​ពិសោធ ២៤ឆ្នាំកន្លងមក សាកលវិទ្យាល័យបានអភិវឌ្ឍខ្លួន​ពីអង្គការវិទ្យាស្ថាន​អភិ​វឌ្ឍន៍​ធនធានមនុស្ស ដែល​បង្កើតឡើងក្នុងឆ្នាំ១៩៩៨ និងសម្រេចបាន​សមិទ្ធផល​យ៉ាងធំធេង​ជាបន្ត​បន្ទាប់​គួរ​ជាទីមោទនៈ។

លោកសាកលវិទ្យាធិការបន្តថា ក្នុងទិសដៅកំណែទម្រង់ និងអភិវឌ្ឍគុណភាពអប់រំ ឱ្យកាន់តែមាន​ប្រសិទ្ធភាពសាកលវិទ្យាល័យ បានពង្រឹង និងអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត និង​សម្ភារបរិក្ខា ដែលមានស្រាប់ និងបំពេញបន្ថែមថ្មីៗ ក្នុងគោលដៅ​ផ្សារ​ភ្ជាប់ការ សិក្សា​ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដោយបានបង្កើតបន្ថែមនូវ​បន្ទប់អនុវត្តន៍​ជាក់ស្តែង រួមមាន ១៖ បន្ទប់អនុវត្តន៍ជំនាញគ្រប់គ្រងនិងទីផ្សារ, ២៖ បន្ទប់អនុវត្តន៍​ធនាគារ គណនេយ្យ និងហិរញ្ញវត្ថុ, ៣៖ បន្ទប់សោតទស្សន៍​ស្តាប់​ភាសា, ៤៖​បន្ទប់​អនុវត្តន៍ព័ត៌មានវិទ្យានិងនវានុវត្តន៍, ៥៖​ អភិវឌ្ឍបណ្ណាល័យ ជាបណ្ណាល័យ​អេឡិក​ត្រូនិច។

ក្នុងឆ្នាំ២០២៣នេះ សាកលវិទ្យាល័យ បាននិងកំពុងបំពាក់ធនធានសិក្សា សម្ភារ​រូប​វ័ន្ត​បន្ថែមទៀត ជាពិសេសបន្ទប់អនុវត្តន៍សណ្ឋាគារ និងសាលសាវនការនិមិត្ត។
បច្ចុប្បន្នសាកលវិទ្យាល័យធនធានមនុស្ស មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យចំនួន ៣៩៨នាក់ នារី ១១៩នាក់, សិស្សថ្នាក់​វិជ្ជា​ជីវៈ និង និស្សិតកំពុងសិក្សា ចំនួន ៣,១០១នាក់ នារី ១.៦៣៥នាក់។

ចំពោះលទ្ធផលនៃការបណ្ដុះបណ្ដាល គិតចាប់ពីឆ្នាំសិក្សា១៩៩៨-១៩៩៩ មក​ដល់​​ឆ្នាំសិក្សា២០២០-២០២១ កន្លងមកនេះ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត​គ្រប់​កម្រិត ដែលបានបញ្ចប់ការសិក្សា សរុបចំនួន ៤១,៣៤១នាក់ (នារី ១៤,៣៦៩​នាក់) ក្នុងនោះគិតទាំងសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភី ដែលត្រូវទទួល​វិញ្ញា​បនបត្រ និងសញ្ញាបត្រនាឱកាសនេះផងដែរ។

លោកសាស្រ្តាចារ្យបណ្ឌិត ឯក មនោសែន បានគូសបញ្ជាក់ថា សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យ​លាភីនេះ អ្នកមានការងារធ្វើស្មើនឹង ៩២.០៩% ក្នុងនោះ ថ្នាក់វិជ្ជាជីវៈស្មើ ៩២.៣៥%, ថ្នាក់បរិញ្ញាបត្ររង ស្មើ ៩០.៤២%, ថ្នាក់បរិញ្ញាបត្រ ស្មើ ៩២% និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ស្មើ ៩៧.៨៥%។

លោកសាស្រ្តាចារ្យបណ្ឌិត ឯក មនោសែន បានលើកឡើងថា ភាពជោគជ័យ និង​សមិទ្ធផល ដែលសាកលវិទ្យាល័យធនធានមនុស្សសម្រេច​បាន​នេះ គឺអាស្រ័យ​ដោយ​ប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម និង​ការ​អភិវឌ្ឍ​ជាតិ​លើគ្រប់វិស័យ ជាពិសេសដោយសារគុណូបការៈដ៏ថ្លៃថ្លារបស់សម្ដេច​តេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ចង្អុលបង្ហាញ និង​ឧបត្ថ​ម្ភគាំទ្រ ទាំងគតិដឹកនាំ ស្មារតី សម្ភារ និងថវិកា ដោយគិតចាប់តាំង​ពីឆ្នាំ​២០០២​រហូតមក ក្នុងនោះបានផ្តល់ជំនួយឧបត្ថម្ភជាសម្ភារ សិក្សាជាច្រើន ដល់​អង្គការ​វិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្ស និងបានឧបត្ថម្ភប្រចាំខែជាទៀងទាត់ មានអង្ករចំនួន​ ២តោន និងថវិកាចំនួន ៥លានរៀល។ ដោយឡែក​សម្តេច​ក្រឡា​ហោម ស ខេង និងលោកជំទាវ ក៏បានឧបត្ថម្ភនូវសម្ភារ បរិក្ខារ និងថវិកា​ជាបន្ត​បន្ទាប់ ចាប់តាំងពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ននេះផងដែរ៕