អគ្គស្នងការដ្ឋាននគរបាលធ្វើសន្និបាត


Savoen 17 03 16 2 copy

     អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ បាន​ធ្វើ​សន្និបាត​បូក​សរុប​សភាព​ការណ៍ និង​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន នៅ​ថ្ងៃ​ទី១៦ ខែ​មីនា​នេះ ដោយ​បាន​ពិនិត្យ​ស្ថាន​ការណ៍​សន្តិសុខ​ពេញ​មួយ​ឆ្នាំ​ ដែល​បាន​កើត​ឡើង​កន្លង​មក​នេះ ។ សេចក្តី​រាយ​ការណ៍​ក្នុង​សន្និបាត ត្រូវ​គេ​ឃើញ​បាន​លើក​សភាព​ការណ៍​សន្តិសុខ​គ្រប់​បែប​យ៉ាង រួម​ទាំង​ការ​កត់​សម្គាល់​ភាព​កើន​ឡើង​នៃ​ករណី​ប្លន់​ប្រដាប់​អាវុធ បញ្ហា​ចរាចរ​គ្រឿង​ញៀន​ជា​ដើម ។

     សន្និបាត​បូក​សរុប​សភាព​ការណ៍ និង​លទ្ធផល​ប្រតិបត្តិ​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម​ឆ្នាំ ២០១៥ និង​ផ្សព្វ​ផ្សាយ​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ ២០១៦ បាន​ធ្វើ​ឡើង​ក្រោម​អធិបតី​អគ្គ​ស្នង​ការន​គរបាល​ជាតិ ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​ នេត សាវឿន​… ដោយ​មាន​ការ​ចូល​រួម​ពី នាយ​ឧត្តម​សេនីយ៍ សុខ ផល អគ្គ​នាយក​អន្តោ​ប្រវេ​សន៍…  នាយ​ឧត្តម​សេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គ​នា​យក អត្ត​សញ្ញា​កម្ម​… តំណាង​ស្នង​ការ​ដ្ឋាន​រាជ​ធានី​ខេត្ត​ទាំង​២៥ និង​មន្រ្តី​នគរបាល​នានា ជា​ច្រើន​រយ​នាក់​។

     របាយ​ការណ៍​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ ២០១៥ មាន​បទ​ល្មើស​សរុប ២ពាន់ ៧រយ ៩លើក ថយ​ចុះ​៤% ក្នុង​នោះ​បទ​ឧក្រិដ្ឋ​ ៧៥១​លើក កើន​៥% និង​បទ​មជ្ឈឹម​ ១ពាន់ ៩រយ ៥៨លើក ថយ​ចុះ​៧% ។  របាយ​ការណ៍​បញ្ជាក់​ថា សកម្ម​ភាព​លួច​មាន​ស្ថាន​ទម្ងន់​ទោស​មាន​ការ​កើន​ឡើង ក្នុង​នោះ ការ​ប្លន់​ប្រដាប់​អាវុធ​ជា​ក្រុម ដែល​មាន​គ្នា​ពី​ ៣នាក់ ទៅ ៥នាក់ មាន​អាវុធ​ច្រើន​ដើម បាន​ប្លន់​តាម​ផ្ទះ កន្លែង​ប្តូរ​ប្រាក់ ផ្ទេរ​លុយ និង​លក់​មាស តាម​បណ្តា​ខេត្ត​មួយ​ចំនួន ។

     របាយ​ការណ៍​ដដែល​បាន​បង្ហាញ​ថា សភាព​ការណ៍​នៃ​ការ​ចរាចរ​គ្រឿង​ញៀន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៥ នៅ​តែ​ជា​បញ្ហា​ប្រឈម​ដែលបាន​និង​កំពុង​ជះ​ឥទ្ធិពល​អវិជ្ជ​មាន​ដក់​សន្តិសុខ សណ្តាប់​ធ្នាប់​សាធា​រណៈ និង​សុវត្ថិ​ភាព​ភាព​សង្គម ព្រម​ទាំង​បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ ។ ក្នុង​ឆ្នាំ​ ២០១៥ គេ​បាន​បង្រ្កាប​ករណី​គ្រឿង​ញៀន​បាន ២ពាន់ ៣រយ ៥៦ករណី ឃាត់​ខ្លួន​បាន​ ៥ពាន់ ៣៦នាក់ ក្នុងនោះ​មាន​ជន​បរ​ទេស ១២៧​នាក់ ។ សេច​ក្តី​រាយ​ការណ៍​សន្និបាត បាន​លើក​ករណី​លេច​ធ្លោ ២ធំៗ ក្នុ​ង​ខែ​សីហា ដែល​គេ​បាន​ដក​ហូត​វត្ថុ​តាង​គ្រឿង​ញៀន​ជិត ៥៥​គីឡូ​ក្រាម និង​ករណី​បង្រ្កាប​ការ​នាំ​កញ្ឆា​ស្ងួត​ពី​ប្រទេស​ឡាវ ទម្ងន់​ជាង ១ពាន់ ៤រយ គី​ឡូ​ក្រាម

Savoen 17 03 16 3 copy  Savoen 17 03 16 4 copy

Savoen 17 03 16 5 copy  Savoen 17 03 16 6 copy