រដ្ឋមន្រ្តីក្រសួងការងារ លើកពីលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣


(ភ្នំពេញ)៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣។

លទ្ធផលការងារនេះ ត្រូវបានលើកឡើងក្នុងពិធីបើកសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ នៃការអនុវត្តផែនយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម អ៊ិត សំហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និយោជក និងកម្មករនិយោជិត ជាពិសេសដៃគូត្រីភាគី និងត្រីភាគីបូក ដែលបានរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ រយៈពេល១ឆ្នាំនេះ ប្រកបដោយជោគជ័យ។

ជោគជ័យទាំងនេះ បានបង្ហាញតាមរយ:ការធានា បាននូវការអភិវឌ្ឍទីផ្សារការងារដែលមានភាពធន់ និងមានប្រាក់ចំណូលខ្ពស់ សម្រាប់ប្រជាពលរដ្ឋ មានលក្ខខណ្ឌការងារល្អប្រសើរ ដោយផ្តោតលើការលើកកម្ពស់ សុខុមាលភាពកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សកម្មភាពធុរកិច្ច ប្រកបដោយភាពរស់រវើក និងការវិនិយោគប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទីផ្សារការងារ។ ការធ្វើបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ រួមមាន ការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ និងច្បាប់ស្តីពីសហជីព និងការអនុម័តច្បាប់ ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីបង្កសេរីភាពអង្គការវិជ្ជាជីវ:កាន់តែប្រសើរ កាត់បន្ថយវិវាទការងារ, មានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដោះស្រាយទាន់ពេលវេលាករណីរោងចក្រក្ស័យធន ឬបិទទ្វារដោយថៅកែរត់ចោល។

ទន្ទឹមនឹងនេះ ការពង្រឹងការអនុវត្តច្បាប់ ស្តីពីរបបសន្តិសុខសង្គម ដោយបានពង្រីកវិសាលភាពលើរបបសន្តិសុខសង្គម ដែលមានស្រាប់ ដើម្បីបង្កើនការគាំពារដល់ប្រជាជនគ្រប់រូប ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, ការសិក្សាលើលទ្ធភាពបង្កើតរបបសន្តិសុខសង្គមថ្មីៗ និងការធ្វើបរិវត្តកម្មបច្ចេកវិទ្យាឌីជីថលក្នុងការ ផ្តល់សេវាកាន់តែប្រសើរ។ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិត ដែលបម្រើការនៅក្នុងវិស័យឯកជន គឺជាសមិទ្ធផលដ៏ធំធេងមួយក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលនាំឱ្យប្រព័ន្ធគាំពារសង្គមមាន លក្ខណៈពេញលេញ សម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិតគ្រប់ៗរូប។ ក្រសួងក៏បានរួមសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងដៃគូសង្គម អនុវត្តប្រកបដោយជោគជ័យ នូវអនុសាសន៍ទាំង១០ចំណុចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ និយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន៧៧លើក ដែលមានចំនួនប្រមាណជិត ១លាននាក់កន្លងទៅ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់ពីការខិតខំអនុវត្តបានយ៉ាងល្អតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដ៏ជាក់លាក់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍមូលធន មនុស្សដែលជាធនធាន ជន្ទល់គាំទ្រឱ្យការរីកចំរើននៃសង្គមសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលខ្លី មធ្យម និងវែង ដោយ ១-ជំរុញឱ្យប្រជាពលរដ្ឋមានការងារសមរម្យ និងកម្រិតជីវភាពកាន់តែប្រសើរឡើង ២-លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ៣-បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញឥរិយាបថការងារ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត និង៤-ធានាថា «ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត»

ជាមួយនេះផងដែរ ការអនុវត្តដោយជោគជ័យនូវអាទិភាពទី២ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: រួមទាំងការបន្តជំរុញ និងចូលរួមអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ធនធានមនុស្ស ដូចជាគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ និងគោលនយោបាយ ស្តីពីពលករទេសន្តប្រវេសន៍ ឆ្នាំ២០១៩-២០២៣ ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងការបូបកម្ពុជា ២០២២-២០២៧ ក្របខណ្ឌគោលនយោបាយជាតិ ផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥ និងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ឆ្នាំ២០២២-២០៣៥៕