អភិបាលខេត្តក្រចេះ អញ្ចើញកាត់ឫសសីមា និងសម្ពោធសមិទ្ធផលក្នុងវត្តឧត្តមសិដារាម នៅស្រុកចិត្របុរី ដែលចំណាយថវិកាសាងសង់អស់ជិត២០ម៉ឺនដុល្លារ


នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្ដមសិដារាម ហៅវត្តព្រែកតាអាំ ស្ថិតនៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលចំណាយថវិកាសាងសង់អស់ចំនួន១៩៩,៥៥៧ដុល្លារ។

ថ្លែងក្នុងឱកាសនោះ លោក វ៉ា ថន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា និងអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីចៀសផុតពីជំងឺកូវីដ១៩។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននៅកៀកបម្រើប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។

ពិសេសក្នុងអំឡុងពេលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីនូវឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ងាយរងគ្រោះអំឡុងពេលជំងឺកូវីដ១៩ សម្រាប់ខេត្តក្រចេះ គិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ សរុប២៨,២៥៥គ្រួសារ ដែលបានចំណាយថវិកាសរុប ១៥៨,១៤៥,៩២៤,០០០រៀល និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីក្រីក្រមានផ្ទៃពោះ និងអាយុក្រោម២ឆ្នាំ ចំនួន១០,៧៨០នាក់ ដែលបានចំណាយថវិកាសរុប ៤,៤១៥,០០០,០០០រៀល។ ព្រមទាំងកម្មវិធីផ្ដល់សាច់ប្រាក់ជូនគ្រួសារក្រីក្រីក្នុងអំឡុងពេលទឹកជំនន់ និងរងសម្ពាធអតិផរណា។

ជាមួយគ្នានេះ លោក វ៉ា ថន បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋក្នុងឃុំបុសលាវ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត។

ក្នុងនោះដែរ លោកអភិបាលខេត្ត បានប្រគេនបច្ច័យចូលបុណ្យចំនួន៣,០០០,០០០រៀល សម្រាប់កសាងវត្តឧត្ដមសិដារាម និងបានឧបត្ថម្ភប្រជាពលរដ្ឋចូលរួមចំនួន ៤៤០នាក់ ក្នុងម្នាក់ សារ៉ុងចំនួន១ និងលោកយាយ លោកតា ចំនួន៦០នាក់ ម្នាក់ក្រណាត់ស១ដុំ៕