សម្តេចតេជោសែន នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ៣ថ្ងៃ


HS visit china 18 03 16 2 copy

     សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នឹង​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​ចិន​រយៈ​ពេល ៣ថ្ងៃ ក្នុង​សប្តាហ៍​ក្រោយ​នេះ ។ សេចក្តី​រាយ​ការណ៍​ពី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា សម្តេច​និង​គណៈ​ប្រតិភូ​ នឹង​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡាន​ឆាង​ លើក​ទី១​… និង​សន្និសីទ​ប្រចាំ​ឆ្នាំ ២០១៦ នៃ​វេទិកា​បូអាវ សំរាប់​អាស៊ី រវាង​ពីថ្ងៃ​ទី២២ ដល់ ២៤ ខែ​មីនា ។ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​កម្ពុជា និង​សមា​ជិក​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដទៃ​ទៀត នឹង​អញ្ជើញ​អម​ដំណើរ​សម្តេច​ក្នុង​ការ​បំពេញ​ទស្សន​កិច្ច តប​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋ​មន្រ្តី​ចិន ឯកឧត្តម លី ខឺជាង (Li Keqiang) ។

     ក្នុង​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡាន​ឆាង សម្តេច​តេជោ​សែន នឹង​ថ្លែង​សុន្ទរក​ថា​ក្រោម​មូល​បទ «ការ​ចែក​រំលែក​ទន្លេ-ការ​ចែក​រំលែក​អនាគត» ។ ឡាន-ឆាង គឺ​ជា​ផ្នែក​ទន្លេ​មួយ​របស់​មេគង្គ ដែល​បាន​ហូរ​ពី​ប្រទេស​ចិន​ក្នុង​ខេត្ត​យូ​ណាន ឆ្លង​កាត់​ប្រទេស​ថៃ កម្ពុជា ឡាវ មីយ៉ាន់​ម៉ា និង​វៀត​ណាម ។ ប្រទេស​ទាំង​៦ នៃ​ទន្លេ​មេគង្គ គ្រោង​ចុះ​ហត្ថ​លេខា​អនុម័ត​ឯកសារ​ចំនួន​៣ ទាក់​ទង​នឹង​កិច្ច​ប្រជុំ​កំពូល មេគង្គ-ឡាន​ឆាង លើក​ទី១ នោះ ។

     នៅ​ថ្ងៃ​ទី២៤ ខែ​មីនា សម្តេច​តេជោ​សែន នឹង​ចូល​រួម​ក្នុង​វេទិកា​បូអាវ សំរាប់​អាស៊ី ។ វេទិកា​បូអាវ សំរាប់​អាស៊ី​ គឺ​ជា​វេទិកា​សំខាន់​បំផុត​សំរាប់​ទ្វីប​អាស៊ី ដោយ​សារ​ការ​ដើរ​តួ​យ៉ាង​សកម្ម​ក្នុង​ការ​សន្ទនា​សំរាប់​វិស័យ​សាធា​រណ:​… ឯកជន​… និង​បណ្ឌិត​សភា ដើម្បី​ពិភាក្សា និង​ផ្លាស់​ប្តូរ​ទស្សន:​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​សង្គម ​បរិស្ថាន និង​បញ្ហា​បន្ទាន់​ផ្សេងៗ​ទៀត ។ សម្តេច​គ្រោង​នឹង​ថ្លែង​សុន្ទរក​ថា​មួយ ក្រោម​មូល​បទ «អនាគត​ថ្មី​របស់​អាស៊ី៖ កម្លាំង​ចលករ​ថ្មី និង​ចក្ខុ​វិស័យ​ថ្មី»។ ក្រៅ​ពី​នេះ សម្តេច​តេជោ​សែន នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជា​មួយ​នាយក​រដ្ឋ​មន្រ្តី​ចិន ឯកឧត្តម លី ខឺឈាង និង​ឧប​នាយក​រដ្ឋ​មន្ត្រី​សហ​ព័ន្ធ​រុស្ស៊ី ឯកឧត្តម អារកាឌី ដ្វូរកូវីច (Arkady Dvorkovich) ។

HS visit china 18 03 16 3 copy