អង្គការសហប្រជាជាតិ ស្វែងរកយុវជនមានសមត្ថភាព


     អង្គការ​សហ​ប្រជា​ជាតិ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ ដើម្បី​ស្វែង​រក​យុវជន​មាន​សមត្ថ​ភាព​ តាម​បណ្តា​ប្រទេស​ជា​សមា​ជិក ដើម្បី​ធ្វើ​ការ​នៅ​អគ្គ​លេខា​ធិការ​ដ្ឋាន​អង្គការ​សហ​ប្រជា​ជាតិ ក្នុង​បុរី​ញូយ៉ក ។ ការ​ជ្រើស​រើស​នេះ បាន​ធ្វើ​តាម​ការ​ប្រឡង «​កម្មវិធី​​វិជ្ជា​ជីវៈ​​វ័យ​ក្មេង​» ២០១៦ ដែល​​ប្រព្រឹត្ត​ទៅ​​​នៅ​​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ ​២០១៦ ។

     ចំពោះ​មុខ​​ជំនាញ​​ដែល​​ត្រូវ​ជ្រើស​រើស និង​​ព័ត៌មាន​​លំអិត​អំពី​​មណ្ឌល​​ប្រឡង​… អង្គការ​សហ​ប្រជា​ជាតិ​នឹង​​ប្រកាស​​ផ្សាយ​​នៅ​ដើម​ខែ​​មេសា ឆ្នាំ ​២០១៦ ក្នុង​​គេហ​ទំព័រ career.un.org/ypp ។ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​នឹង​​អាច​ជួយ​ចាត់​ចែក​រៀប​ចំ​ ឱ្យ​មាន​មណ្ឌល​ប្រឡង​នៅ​កម្ពុជា យោង​តាម​សំណើរ​​របស់​អង្គការ​សហ​ប្រជា​ជាតិ ។ ក្រសួង​ការ​បរ​ទេស​កម្ពុជា​បាន​បន្ត​ថា ក្នុង​ករណី​បេក្ខជន​កម្ពុជា​លើស​ពី​១៥​នាក់ ដែល​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ចូល​រួម​ប្រឡង ហើយ​មាន​បំណង​ចង់​ប្រឡង​វិញ្ញាសារ​សរសេរ​នៅ​កម្ពុជា​នោះ រដ្ឋាភិបាល​នឹង​រៀបចំ​ឱ្យ​មាន​មណ្ឌល​ប្រឡង​នៅ​កម្ពុជា តាម​សំណើរ​របស់​អង្គការ សហ​ប្រជា​ជាតិ ដើម្បី​សំរួល​ដល់​ការប្រឡង​របស់​បេក្ខជន​និងបេ​ក្ខ​នារី​កម្ពុជា​​។

     «​កម្ម​វិធី​វិជ្ជាជីវៈ​វ័យ​ក្មេង​» ត្រូវ​បាន​អនុម័ត​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៦៥ ឆ្នាំ​២០១០ របស់​អង្គការ​សហ​ប្រជា​ជាតិ ដែល​មាន​គោល​ដៅ​កែលំអ «​តំណាង​តាម​ភូមិ​សាស្ត្រ​» របស់​បណ្តា​ប្រទេស​សមាជិក​នៅ​ក្នុង​លេខា​ធិការ​ដ្ឋាន​។

     គួរ​កត់​សម្គាល់​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​កម្ពុជា ៤​នាក់ ក្នុង​នោះ​មាន​ប្រុស​២​នាក់ និង​ស្រី​២​នាក់​ដែល​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​លេខា​ធិការ​ដ្ឋាន អ​.​ស​.​ប នៅ​បុរី​ញូវ​យ៉ក​សហ​រដ្ឋ​អាមេរិក​នោះ​។