ខេត្ត៤ ប្តូរអភិបាលថ្មី


     ខេត្ត​ចំនួន​៤ ត្រូវ​បាន​ប្រកាស​តែង​តាំង​អភិបាល​ថ្មី បន្ទាប់​ពី​អភិបាល​ខេត្ត​ទាំង​៤ ត្រូវ​បាន​ជ្រើស​សំរាំង​ ចូល​ជា​សមាជិក​រាជ​រដ្ឋា​ភិបាល ក្នុង​ឱកាស​សើ​រើ​គណៈ​រដ្ឋ​មន្ត្រី​នា​ពាក់​កណ្តាល​អាណ្ណត្តិ​នេះ ។ ខេត្ត​ទាំង​៤ ដែល​ប្រកាស​​ឈ្មោះ​អភិបាល​ថ្មី រួម​មានៈ ខេត្ត​បន្ទាយ​មាន​ជ័យ​… ខេត្ត​កំពង់​ស្ពឺ​… ខេត្ត​កំពត និង​ខេត្ត​ស្វាយ​រៀង ។

     ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ថ្ងៃ​សុក្រ​ ទី១៨ ខែ​មីនា នេះ លោក សួន បវរ ត្រូវ​តែង​តាំង​ជា​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​… លោក វ៉ែ សំណាង តែង​តាំង​ជា​អភិបាល​ខេត្ត​កំពង់​ស្ពឺ​… លោក ចាន់ ចេស្តា តែង​តាំង​ជា​អភិបាល​ខេត្ត​កំពត និង លោក ម៉ែន វិបុល តែង​តាំង​ជា​អភិបាល​ខេត្ត​ស្វាយ​រៀង ។

     ចំណែក​អតីត​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ លោក គោស៊ុំ សារឿត ត្រូវ​បាន​តម្លើង​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម​… លោក ជៀង អំ អតីត​អភិបាល​ខេត្ត​ស្វាយ​រៀង តម្លើង​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ​… លោក ខូយ ឃុនហ៊ួ អតីត​អភិបាល​ខេត្ត​កំពត តម្លើង​ជា​រដ្ឋលេខា​ធិការ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី និង លោក អ៊ូ សំអួន អតីត​អភិបាល​ខេត្ត​កំពង់​ស្ពឺ បាន​តម្លើង​ជា​រដ្ឋលេខា​ធិការ​ក្រសួង​អភិវឌ្ឍ​ជន​បទ​ ៕