ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលា “ភាពជាដៃគូរដ្ឋឯកជនក្នុងការអនុវត្តគម្រោងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ (ACAC)”


កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលា “ភាពជាដៃគូរដ្ឋឯកជនក្នុងការអនុវត្តគម្រោងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ (ACAC)” ក្រោមអធិបតីភាពរបស់ ឯកឧត្តមប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ ACAC ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ តឹក រ៉េងកំរង រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម លោក Pierre Tami នាយកអង្គការ Shift 360 និងមានការចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរេញ្ញវត្ថុ អង្គការជាតិ អន្តរជាតិ សាលាបណ្តុះបណ្តាល សមាគមចុងភៅ និងភាគីឯកជនប្រមាណ ៣៥រូប នៅទីតាំងសលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ (ACAC)។
សាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ (ACAC) ជាសាលាបណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញធ្វើម្ហូបស្របតាមកម្មវិធីសិក្សាអាស៊ាន ដែលក្រសួងទេសចរណ៍បានដាក់ចុះ និងកម្មវិធីសិក្សារបស់សាលា Lusan ប្រទេសស្វីស។ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ (ACAC) នឹងជួយបណ្តុះបណ្តាលយុវជនកម្ពុជា ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុវិស័យទេសចរណ៍ ២០១៧-២០២៥ របស់ក្រសួងទេសចរណ៍ ដើម្បីផ្គត់ផ្គង់កម្លាំងពលកម្មជំនាញក្នុងវិស័យទេសចរណ៍ដែលមានតម្រូវការខ្ពស់។ វគ្គសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ (ACAC) មានរយៈពេល ២ឆ្នាំ ដែលសិស្សានុសិស្សនឹងមានការទទួលស្គាល់គុណវុឌ្ឍិពីលេខាធិការដ្ឋានអាស៊ានផងដែរ។ ជាទូទៅយុវជនរៀនរយៈពេល ២ឆ្នាំ ចេញធ្វើការទទួលបានប្រាក់បៀវត្សចាប់ពី ៤០០-៥០០ ដុល្លាអាមេរិក ឬពួកគាត់អាចបង្កើតអាជីវកម្មក្នុងសេវាកម្មភោជ្ជនីយដ្ឋានដោយខ្លួនឯង។
សូមរំលឹកផងដែរថា រយៈពេល ០៦ខែដើមឆ្នាំ២០១៧ នេះកម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២.៦លាននាក់ កើនឡើងប្រមាណ ១២,៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ ជាចក្ខុវិស័យនៅឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ បង្កើតការងារជិត ១លាននាក់ និងនាំចំណូលចូលសេដ្ឋកិច្ចជាតិ ប្រមាណ៥ពាន់លានដុល្លារ។ ដើម្បីសម្រេចបានចក្ខុវិស័យអភិវឌ្ឍទេសចរណ៍នឆ្នាំ២០២០ ក្រសួងទេសចរណ៍បានដាកចុះនូវផែនការសកម្មភាព និងយុទ្ធនាការរយៈពេលខ្លី និងមធ្យម ដោយផ្តោតលើ មុំយុទ្ធសាស្ត្រចំនួន ៤គឺ ទី១.ការបង្កើត និងផ្សព្វផ្សាយផលិតផលទេសចរណ៍ថ្មី ទី២.ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ទី៤. ការអនុវត្តបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យទេសចរណ៍ (E-Tourism) ទី៣. ពង្រឹងការអភិវឌ្ឍធនធានមនុស្ស។
រហូតមកដល់បច្ចុប្បន្នក្រសួងទេសចរណ៍បានធ្វេីការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ានចំនួន ៣០រូប គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិចំនួន ៥៤២ រូប ឯកសារបណ្តុះបណ្តាល ៩៧៦ក្បាល អ្នកជំនាញទេសចរណ៍ប្រមាណ ២០០០នាក់ ទទួលស្គាល់សាលបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១២ និងលេីកទឹកចិត្តការបង្កេីតសាលាថ្មីៗ រួមមានសាលាជាតិបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ចំនួន២ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្រោមឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD)។