ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា បណ្ណាល័យ បន្ទប់ទឹក និងអណ្តូងទឹកនៅឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ជាអំណោយរបស់លោកស្រី Tung Ma Ma នៅក្រុងសៀងហៃ ប្រទេសចិន


(កណ្ដាល)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជា អធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ សិក្សា២ខ្នង បណ្ណាល័យ១ខ្នង បន្ទប់ទឹក៤ និងអណ្តូងទឹក១០ ស្ថិតក្នុងភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ដែលជាអំណោយរបស់លោកស្រី Tung Ma Ma នៅក្រុងសៀងហៃ ប្រទេសចិន។

នៅក្នុងពិធីនេះក៏មានអញ្ជើញចូលរួមពីលោកស្រី Tung Ma Ma ដែលជាសប្បុរសជនជួយកសាងសមិទ្ធផលទាំងនេះ, លោក នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ, អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានស្រុកស្អាង បានបង្ហាញថា រយៈពេលកន្លងមក ក្រោមការយកចិត្តទុកដាក់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មូលដ្ឋានស្រុកស្អាងទទួលបានសមិទ្ធិផលផ្លែផ្កាជាច្រើន។ ក្នុងចំណោមសមិទ្ធិផលទាំងនោះ ក៏មានអគារសិក្សាជាច្រើន បានលេចរូបរាងឡើង ផ្តល់ជាកន្លែងសិក្សាដល់កូនចៅប្រជាពលរដ្ឋ ជាក់ស្តែងដូចជាអគារសិក្សាដ៏ស្រស់ស្អាត នៅចំពោះមុខនេះ។

សូមបញ្ជាក់ថា សម្មិទ្ធផលសាលារៀន និងបន្ទប់ទឹកខាងលើនេះ ដែលបង្ហាញរូបរាង និងបម្រើផលប្រយោជន៍ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅពេលនេះជាអំណោយរបស់លោកស្រី Shu Chen Couldrake (Tung Ma Ma) Shanghai Biacheng Construction Co., Ltd ព្រមទាំងក្រុមការងារមួយចំនួនទៀតផងដែរ។

ការផ្តល់អំណោយរបស់លោកស្រី Shu Chen Couldrake (Tung Ma Ma) បានធ្វើឡើង តាមរយៈលោក នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ។ បើតាមលោក សំរិតកុមារ លោកស្រី Shu Chen Couldrake ដែលមានស្វាមីជាជនជាតិអង់គ្លេស កន្លងមកលោកស្រី បានជួយសង់សាលារៀនដល់ប្រទេសជាច្រើនដូចជា៖ ប្រទេសនេប៉ាល់ និងអាហ្រ្វិក ជាដើម។

មានមតិសំណេះសំណាលក្នុងវិធីដាក់សម្ពោធឲ្យប្រើប្រាស់សម្មិទ្ធផលខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនប្រជាពលរដ្ឋថា អគារសិក្សា បណ្ណាល័យ បន្ទប់ទឹក អណ្តូងទឹក នៅចំពោះមុខនេះ គឺបានមកពីការរួមចំណែកជួយដ៏សំខាន់ ពីលោកយាយតុងម៉ាម៉ា នៅទីក្រុងសៀងហៃ ប្រទេសចិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការរីករាយដោយបានជួបប្រជាពលរដ្ឋមូលដ្ឋាន ស្រុកស្អាងម្តងទៀត ជាមួយនិងពិធីសម្ពោធសមិទ្ធិផលដ៏សំខាន់១នេះ ក្នុងបរិយាកាសប្រកបដោយស្នាមញញឹម ស្រស់ស្រាយ ជាមួយនិងសុខសន្តិភាពដែលកម្ពុជាមាន ខណៈដែលប្រទេសមួយចំនួននៅលើពិភពលោកកំពុងទទួលរងសង្គ្រាម រត់គេចគ្រាប់ផ្លោង។

ឯកឧត្តមបន្តទៀតថា កម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន យើងមានសន្តិភាព យើងមានពេលកសាងសមិទ្ធិផលជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងមានពេលជួបសំណេះសំណាលគ្នា សម្ពោធសាលាជាមួយគ្នា ដោយក្តីរីករាយ។ សន្តិភាពនេះហើយ ដែលមានតម្លៃណាស់ សម្រាប់ពលរដ្ឋគ្រប់រូប។

ជាមួយនិងវិស័យអប់រំ លោកបានថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបង្រៀនដល់សិក្សានុសិស្ស ព្រោះថាអាជីពជាគ្រូបង្រៀននេះ មានតំលៃថ្លៃថ្នូរណាស់ ដោយបានផ្តល់នូវ ចំណេះដឹងដល់មនុស្ស គ្រប់រូប ឲ្យមានសមត្ថភាពកសាងជីវភាពគ្រួសារ កសាងសង្គមបានល្អប្រសើរ។ យើងមានសាលារៀនល្អហើយ សូមសិស្សានុសិស្ស ខិតខំសិក្សារៀនសូត្រ ឲ្យចេះដឹង ជាពិសេសប្រជាពលរដ្ឋទាំងអស់គ្នាចូលរួម ថែរក្សាសមិទ្ធិផលនេះ ដើម្បីជាប្រយោជន៍ដល់កូនចៅយើង ប្រើប្រាស់បានយូអង្វែង។

នៅក្នុងឱកាសនោះលោកស្រី Tung Ma Ma ក៏បានឡើងថ្លែងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដោយលោកស្រីបានលើកឡើងពីទស្សនៈមួយថា នៅលើលោកនេះគ្មានឡើយអ្នកក្រ គឺមានតែអ្នកមិនខិតខំធ្វើការ និងមិនខំការសិក្សារៀនសូត្រតែប៉ុណ្ណោះ ដោយលោកស្រីចង់សំដៅពីសារសំខាន់យ៉ាងខ្លាំងសម្រាប់ការសិក្សា។

នៅក្នុងន័យនេះ លោកស្រីបានខិតខំកសាងសាលារៀន បណ្ណាល័យ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀត សម្រាប់ការបណ្តុះបណ្តាលឲ្យកុមារ និងយុវជនមានចំណេះដឹង។ បន្ទាប់មកលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានបំពាក់មេដាយកិត្តិយសជូនលោកស្រីផងដែរ សម្រាប់ការចូលរួមកសាង និងអភិវឌ្ឍន៍វ័ស័យអប់រំនៅក្នុងប្រទេសកម្ពុជា។ សម្រាប់លោកស្រី, នៅឆ្នាំ២០២៣ លោកស្រីមានគម្រោងផ្តល់ជូនថវិកាចំនួន១០ម៉ឺនដុល្លារ សម្រាប់កសាងសាលារៀននៅកម្ពុជាថែមទៀតផង ដែលជាការរួមចំណែកជំរុញវិស័យអប់រំនៅកម្ពុជាកាន់តែខ្លាំងឡើងជាមួយរាជរដ្ឋាភិបាល ក្រោមាការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងពិធីសម្ពោធអគាសិក្សានេះដែរ ឯកឧត្តម ប្រាក់ សុខុន និងលោកស្រី Tung Ma Ma ក៏បានចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រប្រមាណ ៥ម៉ឺនដុល្លារ​ហើយសរុបជាទឹកប្រាក់សរុប៣២ម៉ឺនដុល្លារ។

នៅក្នុងឱកាសនោះ អាជាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក៏បានថ្លែងអំគុណដល់ការរួមចំណែកកសាងអគារសិក្សានៅទីនេះ ពិសេសលោកយាយ តុងម៉ាម៉ា នៅទីក្រុងសៀងហៃ ប្រទេសចិន៕