អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមបញ្ញវន្តក្មេងវត្តខេត្ត ព្យាបាលពលរដ្ឋដោយឥតគិតថ្លៃ ក្នុងសង្កាត់បឹងកុក


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ព្យាបាលជំងឺដោយឥតគិតថ្លៃដល់ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណជា៥០០អង្គ/នាក់ ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

អនុប្រធានសមាគមបញ្ញាវន្តក្មេងវត្តខេត្តកំពង់ចាម លោក ជា ក្រូច បានឲ្យដឹងថា ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្សសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត មានចំនួន២៨នាក់ ក្នុងនេះផ្នែកពិនិត្យជំងឺទូទៅចំនួន១៨នាក់ ផ្នែកពិនិត្យនិងដកធ្មេញ ៧នាក់ក្រោមការដឹកនាំរបស់លោកទន្តបណ្ឌិត ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងផ្នែកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៣នាក់ បន្ថែមដោយក្រុមសម្របសម្រួលការងារចំនួន៧នាក់ទៀត។

រីឯកម្មវិធី នៃការផ្តល់សេវាគឺមាន ពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅមនុស្សចាស់ និងកុមារ, ពិនិត្យ ពិគ្រោះជំងឺធ្មេញ ពិសេសដកធ្មេញ, ចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសជំរុញគឺចាប់ពីដូសទី៣។ ចំពោះពេលវេលានៃការពិនិត្យ ពិគ្រោះជំងឺគឺចាប់ពីម៉ោង ៨៖៣០នាទីព្រឹក រហូតដល់ម៉ោង២រសៀល។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ក្នុងឱកាសសំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋផងដែរថា បានលើកឡើងថា ថ្ងៃនេះការចុះព្យាបាលជំងឺជូនព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺក្រុមគ្រូពេទ្យសុទ្ធតែមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ទៅតាមប្រភេទជំងឺដែលត្រូវផ្ដល់សេវា ដោយឥតគិតថ្លៃជូនក្នុងពេលនេះ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា សុខភាពគឺជាបញ្ហាមួយដែលប្រជាពលរដ្ឋយើងត្រូវយកចិត្តទុកដាក់ ពោលប្រសិនបើសុខភាពល្អ គឺជាការបង្កើនទ្រព្យ ប៉ុន្តែប្រសិនបើសុខភាពមិនល្អ វាគឺជាការបំផ្លាញទ្រព្យ។ ដូច្នេះសូមថែទាំសុខភាពឲ្យបានល្អ មានជំងឺល្មមៗប្រញាប់មក ពិនិត្យពិគ្រោះយោបល់ ឲ្យគ្រូពេទ្យព្យាបាលឲ្យបានទាន់ពេលវេលា ពីព្រោះឱកាសនេះ ប្រសិនបើ គ្រូពេទ្យពិនិត្យទៅឃើញថាមានជំងឺធ្ងន់ធ្ងរ គឺអាចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដោយឥតគិតថ្លៃដូចគ្នា៕