ស៊ីហ្គេម២០២៣៖ ឆ្លុះបញ្ចាំងពីភាពរីកចម្រើនទ្វេដងរបស់កីឡាវាយសី ក្រោយឈ្នះមេដាយមាសលើកដំបូងក្នុងប្រវត្តិសាស្ដ្រ


(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា បានសម្រេចផែនការដណ្ដើមមេដាយមាស ១គ្រឿងជូនជាតិ បន្ទាប់ពីក្រុមកីឡាវាយសីកម្ពុជា បានយកឈ្នះក្រុមមីយ៉ាន់ម៉ា ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសាក្រុមចម្រុះ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់មិញ។ ជោគជ័យនេះ បានធ្វើឲ្យថ្នាក់ដឹកនាំ និងអ្នកគាំទ្រសប្បាយរីករាយជាខ្លាំង ដែលឆ្លុះបញ្ចាំងឲ្យឃើញភាពរីកចម្រើនទ្វេដងរបស់កីឡាវាយសីកម្ពុជា។

ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធ តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានគូសបញ្ជាក់ថា សហព័ន្ធបានរង់ចាំភាពសប្បាយរីករាយបែបនេះជាយូរមកហើយ ហើយទីបំផុតដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិ CAMSOC ព្រមទាំងការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី បានជំរុញឲ្យសហព័ន្ធសម្រេចដណ្ដើមមេដាយមាសជូនជាតិ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «ក្នុងនាមឯកឧត្តម លី កុសល ប្រធានសហព័ន្ធ ពួកយើងពិតជាសប្បាយចិត្ត និងមានមោទនភាពជាខ្លាំង ដោយសារមុននឹងទទួលបានមេដាយមាសនេះ ពួកយើងបានរៀបចំយុទ្ធសាស្ដ្រជាយូរមកហើយ។ ជាមួយគ្នា ខ្ញុំក៏សូមថ្លែងអំណរគុណរាជរដ្ឋាភិបាល CAMSOC ដែលបានបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងគុណផលកម្រិតខ្ពស់ រហូតដណ្ដើមបានមេដាយមាសពេលនេះ»

«ក្រោយជោគជ័យនេះ កីឡាវាយសីនឹងមានការរីកចម្រើន ពីក្រោម ដល់លើ មានន័យថា នឹងរីកចម្រើនកាន់តែខ្លាំង ជាក់ស្ដែងទីលានទស្សនាការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ពីមុនយើងគ្រោងធ្វើតែ ៤០០កៅអីទេ តែជាក់ស្ដេងមានទស្សនិកជន មកអ្នកទស្សនាលើសពី ១ពាន់នាក់រៀងៗរាល់ថ្ងៃ ។ នេះសបញ្ជាក់ឲ្យឃើញថា កីឡាវាយសី តាមរយៈស៊ីហ្គេមនេះ បានធ្វើឲ្យសន្ទុះកើនឡើងទ្វេដង។ អ៊ីចឹងយើងមានសុទិដ្ឋិនិយមកីឡាវាយសី នឹងកាន់តែរីកចម្រើនថែមទៀត» ។ ឯកឧត្តម ជាម សុភា បន្ថែម។

គួរបញ្ជាក់ថា ប្រភេទកីឡាវាយសី នៅមិនទាន់បញ្ចប់ការប្រកួតរបស់ខ្លួននោះទេ ពោលគឺនៅសល់វិញ្ញាសាវាយគូ និងវិញ្ញាសាឯកត្តជនទៀត ហើយបើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ កម្ពុជានៅមិនសង្ឃឹមដណ្ដើមបានមេដាយជាបន្ដបន្ទាប់ទៀតផងដែរ៕

 

www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com