សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារគោរពជូនពរ​ សម្ដេចពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុ


(ភ្នំពេញ)​៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៩ឆ្នាំ ឈានចូល ៩០ឆ្នាំ របស់សម្ដេច ដែលប្រព្រឹត្តទៅនៅថ្ងៃទី​ ២៥​ ខែឧសភា​ ឆ្នាំ២០២៣នេះ។

សារលិខិតគោរពជូនពរនោះ មានខ្លឹមសារថា​ «ក្នុងអភិមង្គលដ៏នក្ខត្តឫក្សឧត្តុង្គឧត្តម នៃទិវាចម្រើនជន្មាយុគម្រប់ ៨៩ ឈានចូល ៩០ឆ្នាំ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងនាមខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមចូលរួមអបអរសាទរ ដោយសេចក្តីសោមនស្សរីករាយ និងសូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងមាន ជន្មាទីឃាយុយឺនយូរ ដើម្បីបន្តរួមចំណែកដឹកនាំមាតុភូមិកម្ពុ ជាកាន់តែថ្កុំថ្កើង រុងរឿង ជានិច្ចនិរន្តរិ៍តរៀងទៅ។

ក្នុងវរោកាសដ៏វិសេសវិសាលនេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការគោរពកោតស្ញប់ស្ញែងចំពោះវីរភាពរបស់ សម្ដេចអគ្គមហាពញាចក្រី ជាឥស្សរជននយោបាយជាន់ខ្ពស់ដ៏ឆ្នើមមួយរូប មានស្មារតីស្នេហាជាតិដ៏បរិសុទ្ធ ដែលបានធ្វើពលិកម្មលះបង់គ្រប់បែបយ៉ាង ក្នុងការរួមចំណែកស្តារ កសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ទាំងក្នុងការការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ជូនប្រជាជនកម្ពុជានៅទូទាំងប្រទេស។ លើសពីនេះទៅទៀត សម្ដេចអគ្គមហាពញាចក្រី បាននិងកំពុងដឹកនាំស្ថាប័នរដ្ឋសភា ពង្រឹងបាននូវនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ធានាបានសិទ្ធិសេរីភាពពេញលេញ របស់ប្រជាជនដើម្បីបម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ បានឋិតថេរគង់វង្សជារៀងរហូត។

ក្នុងថ្ងៃដ៏សិរីមង្គលប្រពៃថ្លៃថ្លានេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេច ធម្មវិសុទ្ធវង្សា ព្រមទាំង បុត្រា បុត្រី និងចៅប្រុសស្រីទាំងអស់របស់សម្តេច សូមជួបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតគោរពជូនពររបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ គោរពជូន​ សម្តេចអគ្គមហាសេនាពញាចក្រី​ ហេង​ សំរិន​៖