កិច្ចពិភាក្សារវាងកម្ពុជា និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្តីពីកិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្ម នៅទីក្រុងវ៉ាស៊ីនតោន


វ៉ាស៊ីនតោន ឌី.ស៊ី៖ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានជួបពិភាក្សាជាមួយ ឧបការីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Barbara Weisel នៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីសកម្មភាពយុទ្ធសាស្រ្តក្រោមរដ្ឋបាលថ្មី ដើម្បីពង្រីក និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះជាដំណើរទស្សនកិច្ចលើកទីពីរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី ដោយគណៈប្រតិភូកម្ពុជាដែលមកពីក្រសួងពាក់ព័ន្ធចំនួន ០៨ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) ហើយបានរួមបញ្ចូលកិច្ចប្រជុំទ្វេភាគីក្រោមរដ្ឋបាលថ្មី ក៏ដូចជាវិស័យឯកជនសហរដ្ឋអាមេរិក។ ក្នុងកិច្ចសន្ទនា TIFA នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ និងលោកស្រី Barbara WEISEL បានពិភាក្សាលើចំណុចមួយចំនួនដូចជា គោលនយោបាយពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិក ២០១៧ អនាម័យ និងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ការងារនិងពលកម្ម កិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មាន និងកិច្ចសម្រួលពាណិជ្ជកម្ម ក្រោមអង្គការពាណិជ្ជកម្មពិភពលោក ប្រព័ន្ធអនុគ្រោះពន្ធទូទៅ និងជំនួយបច្ចេកទេស។
លោកស្រី Barbara WEISEL បានលើកឡើងថា “កិច្ចប្រជុំក្រុមប្រឹក្សាស្តីពីកិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្ម លើកទី៤ នាថ្ងៃនេះត្រូវបានធ្វើឡើងជាមួយនឹងផែនការច្បាស់លាស់ ទៅលើដំណើរការដែលយើងចង់បង្កើតឲ្យមាន។ ដូចនេះខ្ញុំចង់បន្តកិច្ចប្រជុំ ដើម្បីជំរុញទំនាក់ទំនងរបស់យើង ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ជាក់លាក់ ដើម្បីសម្រេចបានលទ្ធផលពិតប្រាកដ ដែលស្មារតីនេះនឹងកើតចេញពីការពិភាក្សារបស់យើងនៅថ្ងៃនេះ។”
គណៈប្រតិភូកម្ពុជា និងសហរដ្ឋអាមេរិក បានពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងនូវ កិច្ចសម្រួលពាណិជ្ជកម្ម ការងារនិងពលកម្ម ការការពារកម្មសិទ្ធិបញ្ញា និងបង្កើនការទាក់ទាញ និងការប្រកួតប្រជែងពាណិជ្ជកម្មក្នុងវិស័យតែមួយ និងបរិយាកាសវិនិយោគ។ ការពិភាក្សារវាងភាគីទាំងពីរ ផ្តោតលើការកត់សម្គាល់ពីវឌ្ឍនភាពដែលប្រទេសកម្ពុជាកំពុងធ្វើ ដើម្បីឆ្លើយតបទៅនឹងគោលការណ៍កំណត់សម្រាប់អនុវត្តផែនការច្បាស់លាស់ ក៏ដូចជាគូសបញ្ជាក់ពីវិស័យនានា ដែលត្រូវការកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។ ភាគីទាំងពីរបានព្រមព្រៀងគ្នា កំណត់ផែនការសកម្មភាពសម្រាប់តាមដាន TIFA នាឆ្នាំខាងមុខនេះ ដែលក្នុងនោះនឹងបង្កើតក្រុមការងារពិសេស សម្រាប់បញ្ហាទាក់ទងនឹងពាណិជ្ជកម្ម។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងថា “កម្ពុជាកំពុងខិតខំប្រឹងប្រែងបង្កើតច្បាប់ពាណិជ្ជកម្ម និងវិនិយោគនានា ដើម្បីគាំទ្រដល់ការបើកចំហរ និងការស្វាគមន៍ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ពីព្រោះសហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។”
ជាលទ្ធផល សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយបច្ចេកទេសទាក់ទងនឹងសុវត្ថិភាពចំណីអាហារ និងការការពារអ្នកប្រើប្រាស់ដល់ប្រទេសកម្ពុជា ដើម្បីបង្កើនទំនុកចិត្តអ្នកប្រើប្រាស់។ សហរដ្ឋអាមេរិកនឹងបញ្ចប់ការវាយតម្លៃ លើអនាម័យ និងភូតគាមអនាម័យ ក្នុងប្រទេសកម្ពុជាដើម្បីបើកឱកាសឲ្យផលិតផលកសិកម្មកម្ពុជា អាចនាំចេញទៅទីផ្សារអាមេរិក។ សហរដ្ឋអាមេរិកក៏បានផ្តល់ជំនួយបច្ចេកទេសទាក់ទងនឹងកម្មសិទ្ធិបញ្ញា កិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចផងដែរ។
* សាវតា
ទំហំពាណិជ្ជកម្មទំនិញវិស័យតែមួយសរុប រវាងកម្ពុជា និងសហរដ្ឋអាមេរិកមានចំនួន 1,54 ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល 6 ខែដំបូងនៃឆ្នាំ 2017 បានកើនឡើង 14% ក្នុងឆ្នាំ 2016 ក្នុងអំឡុងពេលដូចគ្នានេះ។ ក្នុងឆ្នាំ 2016 ទំហំពាណិជ្ជកម្មមានចំនួន 3,2 ពាន់លានដុល្លារសហរដ្ឋអាមេរិក ថយចុះ 7,32% ក្នុងឆ្នាំ 2015 ។
បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគផ្ទាល់ពីបរទេសរបស់សហរដ្ឋអាមេរិកក្នុងកម្ពុជាមានចំនួនប្រហែល 14,557,672 ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ 2014។ សហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុតទី 2 របស់ប្រទេសកម្ពុជា សម្រាប់ការនាំចេញសំលៀកបំពាក់ស្បែកជើង វាយនភ័ណ្ឌ អង្ករ គ្រឿងសង្ហារឹម សម្ភារៈក្មេងលេង ជ័រ កៅស៊ូ ផលិតផលធញ្ញជាតិ សេរ៉ាមិច ឈើ និងសត្វនៅរស់ និងចំណីសត្វជាដើម។ ការនាំចេញចម្បងរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសកម្ពុជាមានដូចជា យានយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍វេជ្ជសាស្រ្ត និងអគ្គិសនី វាយនភ័ណ្ឌ ក្រដាស ផ្លែឈើ និងធញ្ញជាតិជាដើម។ កិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគនិងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលបានចុះហត្ថលេខានៅថ្ងៃទី 14 ខែកក្កដាឆ្នាំ 2006 គឺជាកិច្ចសន្ទនាទ្វេភាគីសំខាន់រវាងរដ្ឋាភិបាលទាំងពីរ ដើម្បីពិភាក្សាអំពីការអនុវត្តន៍ការសន្យាទាំងនេះ និងបញ្ហាទាក់ទងនឹងការវិនិយោគ និងពាណិជ្ជកម្មផ្សេងៗទៀត៕