រដ្ឋបាលខេត្តកំពង់ធំ រៀបចំខួបអនុស្សាវរីយ៍១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៣ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»


(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំខួបអនុស្សាវរីយ៍១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៣ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ» ពិធីនេះបានធ្វើឡើងនៅក្នុងឃុំពពក ស្រុកស្ទោង។

ថ្លែងនៅចំពោះមុខបុគ្គលិក កម្មករ កម្មការិនី លោកអភិបាលខេត្ត បានលើកឡើងថា មនុស្ស គឺជាធនធានជាអាទិភាពក្នុងការលើកកម្ពស់សិទ្ធិមនុស្ស សេដ្ឋកិច្ច សុខុមាលភាពភាពសង្គម និងធនធានសំបូរបែប ហើយវិស័យឯកជន ជាសក្តានុពល ក្បាលម៉ាស៊ីននៃការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចជាតិ ពិសេសជាអ្នកជួយ បង្កើតការងារជូនប្រជាពលរដ្ឋឱ្យមានការងារធ្វើ និងចូលរួមលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងការ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ការលើកម្ពស់ សេដ្ឋកិច្ចជាតិ សិទ្ធិមនុស្ស និងសិទ្ធិការងារ។

ជាមួយគ្នានេះ អភិបាលខេត្ត ក៏បានជំរុញណែនាំដល់បុគ្គលិកកម្មករទាំងអស់ត្រូវខិតខំវិវត្តន៍ខ្លួនឱ្យក្លាយទៅជាកម្មករជំនាញដែលនឹងជួយឱ្យផលិតកម្មរបស់ខ្លួន និងក្រុមហ៊ុនកាន់តែប្រសើរឡើងជាលំដាប់ ហើយទទួលបាននូវប្រាក់បៀវត្សខ្ពស់ និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារថែមទៀត។

ឯកឧត្តម ងួន រតនៈ បានលើកឡើងអំពីគុណតម្លៃនៃសន្តិភាព ដែលសន្តិភាពនេះហើយធ្វើឱ្យមានការរីកចម្រើនលើកគ្រប់វិស័យក៏ដូចជា មានការជួបជុំប្រារព្ធទិវាដ៏ថ្លៃថ្លានៅក្នុងឱកាសនេះ ហើយអ្នកដែលធ្លាប់រងគ្រោះដោយសារ សង្គ្រាម ទើបយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព ហើយអាចឱ្យប្រទេសកម្ពុជា បានដឹកនៃកិច្ចប្រជុំកពូលអាស៊ាន កិច្ចប្រជុំអន្តរសភា ម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងបានអំពាវនាវឱ្យបងប្អូនបុគ្គលិក កម្មការ កម្មការិនី អញ្ជើញទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ លោក អៀង សុភាព ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ធំ បានលើកឡើងថា ខេត្តកំពង់ធំ មានសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់កម្លាំងពលកម្មសរុប៤០៧ សហគ្រាស មានកម្មករ និយោជិតចំនួន ១៤,៣២០នាក់ ស្រី៥,៤២៨ នាក់ក្នុងនោះវិស័យចម្ការកៅស៊ូធំៗចំនួន ១៧សហគ្រាស មានកម្មករនិយោជិតសរុប ១០,៦៩៧នាក់ ស្រី៣,៦៧៦នាក់ ក្នុងនោះក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម មាន ០៩សហគ្រាស មានកម្មករនិយោជិតសរុប ៨,៩៣៩នាក់ ស្រី២,៦៨៤នាក់៕