ជំនួបសំដែងការស្វាគមន៍ពីសំណាក់លោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅប្រទេសថៃ និងព្រះរាជាណាចក្រកម្ពុជា


នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសម ពីសំណាក់លោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូតកាណាដា ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ប្រទេសកាណាដា ដែលបានផ្តល់គាំទ្រចំពោះការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីកំណែទម្រង់សំខាន់ៗ និងភាពជោគជ័យ ដែលសម្រេចបានក្រោមការដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។
លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានទទួលជួបសម្តែងការគួរសមពីសំណាក់លោកជំទាវឯកអគ្គរដ្ឋទូត និងដែលបានបកស្រាយលម្អិតអំពីគោលនយោបាយសំខាន់ៗនៃការអភិវឌ្ឍកម្ពុជា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាក់ទងទៅនឹងវិស័យសាធារណការ និងដឹកជញ្ជូន។