ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលសាលាសង្កាត់កែប


អគាររដ្ឋបាលសាលាសង្កាត់កែប ដែល ជា អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកជំទាវ នាព្រឹកថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៧ ត្រូវបានប្រារព្វពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងតំណាងអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ។
តាមរបាយការណ៌របស់ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត កែប បានបញ្ជាក់ថា៖អគារសាលាឃុំទាំង ០៥ នៅខេត្ត កែប ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ ១៩៧៩ មកឆ្នាំ ២០០៩ និងសព្វថ្ងៃមានសភាពចាស់ទ្រុឌទ្រោម ដែលជាហេតុធ្វើឲ្យក្រុមប្រឹក្សាសង្កាត់ ក៏ដូចជាស្មៀនជួបនូវការលំបាកខ្លាំង ក្នុងការចូលមក បម្រើការងារ និងទុកដាក់ឯកសារផ្សេងៗ ។ ប៉ុន្តែជាភ័ព្វសំណាងឃុំ-សង្កាត់ចំនួន០៤ ទៀត ត្រូវបានរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ តាមរយៈការផ្តល់ហិរញ្ញប្បទានជំនួយឥតសំណងពី ADB ក្រោមគម្រោងអភិវឌ្ឍន៍ ក្រុមប្រឹក្សាឃុំសង្កាត់ជំហ៊ានទី២ បានសម្រេចផ្តល់ជូនថវិកាសម្រាប់សាងសង់អគាររដ្ឋបាលសង្កាត់នីមួយៗរួចរាល់នៅក្នុងឆ្នាំ២០០៩ ស្របតាមលក្ខណៈវិនិច្ឆ័យជ្រើសរើសដោយធនាគារ ។ ដោយឡែកសង្កាត់កែប ពុំបានត្រូវផ្តល់ជូនដោយសារខុសលក្ខណៈ វិនិច្ឆ័យ ទើបសង្កាត់គ្មានអគារបម្រើការងារជាច្រើនអាណត្តិមកហើយ ។
ដោយពិនិត្យឃើញ នូវការលំបាកនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកាសម្រាប់សាងសង់អគារថ្មីនេះ ទុកជាប្រយោជន៍ដល់ក្រុមប្រឹក្សា និងប្រជាជន នៅក្នុងសង្កាត់កែបប្រើប្រាស់ ។ អគាររដ្ឋបាល នេះ ចាប់ផ្តើមកសាងនៅថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០១៧ និងបានបញ្ចប់ថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ ២០១៧ ដែលមានទំហំ ១០ ម៉ែត្រ គុណនិង ១៥ ម៉ែត្រ ធ្វើពីបេតុង ប្រក់ក្បឿងមានកំពស់ ៧ ម៉ែត្រ សរុបទឹកប្រាក់អស់ចំនួន ៣៥.០០០ ដុល្លារអាមេរិក ។
មានប្រសាសន៍សំណេះសំណាលនាឱកាស នោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរខេត្ត ក៏ដូចជាក្រុមប្រឹក្សា ឃុំ-សង្កាត់ ទាំង០៥ ចំណុះខេត្តកែប ក្នុងការចូលរួមអភិវឌ្ឍន៍ និងរក្សាសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានលទ្ធផលយ៉ាងល្អប្រសើរ ។ ចំពោះការឧបត្ថម្ភសាងសង់អគាររដ្ឋបាលសង្កាត់កែបនេះ គឺជាការគិតគូរួមចំណែកជាមួយរាជរដ្ឋាភិបាល ហើយក៏ជាការបន្តការសន្យារបស់ឯកឧត្តម ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា ដែលឯកឧត្តមបានសន្យាមុន ពេលឯកឧត្តម ទទួលមរណៈភាព នូវទឹកប្រាក់ ចំនួន១មុឺនដុល្លារ សម្រាប់ការសាងសង់សាលាសង្កាត់ថ្មីនេះ ។ ឥឡូវនេះ យើងបាន បំពេញបំណងរបស់គាត់ហើយ ។
ជាមួយ និងសមិទ្ធិផលថ្មីនេះ ឯកឧត្តម ទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ សូមឲ្យក្រុមប្រឹក្សាសង្កាត់ ទើបជាប់ឆ្នោតថ្មីទាំងអស់ ប្រើប្រាស់ទីតាំងនេះ ជាកន្លែងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៌ច្បាប់កំណត់ជាធរមាន ។ ឯកឧត្តម បាន បន្ថែមថា សង្កាត់កែប មានដែនដីរដ្ឋបាលគ្រប់គ្រងរហូតដល់កោះមួយចំនួន ។ ដូច្នេះ សូមក្រុមប្រឹក្សាសង្កាត់ទាំងអស់យកចិត្តទុកដាក់ខ្ពស់ទាំងទៅលើសុខទុក្ខ និងកំរិតជីវភាពរបស់បងប្អូនរស់នៅលើកោះមួយចំនួន ជាពិសេសការបម្រើសេវាសាធារណៈនានា បើចាំបាច់ត្រូវចុះដល់ខ្នងផ្ទះពួកគាត់តែម្តង ។
ទន្ទឹមនិងនេះឯកឧត្តម បានណែនាំ ឲ្យមានការ យកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ចំពោះក្មេងទំនើង និងបញ្ហាគ្រឿងញៀន ។ ក្នុងនោះត្រូវចូលរួមចំណែកលើកកំពស់សោភ័ណ្ឌភាពខេត្តកែបឲ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីរក្សាកិត្តិយសជាម្ចាស់ជ័យលាភីផ្ការំដួល ៣ ទង ជាទីក្រុងស្អាត បន្តទៀត ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានជម្រាបជូន ពីមោទនភាព ដែលយើងទាំងអស់គ្នា មានមេដឹកនាំ ប្រកបដោយវីរៈភាពជាតិខ្ពស់ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដែលសម្តេចមានភាពវៃឆ្លាត បុិនប្រសព្វ ទាំងផ្នែកនយោបាយ ការទូត និង យោធា ក្នុងការរកដំណោះស្រាយបញ្ហាដ៏លំបាកធំៗជូនប្រទេជាតិជាប្រវត្តិសាស្ត្រ ។ ជាក់ស្តែង នៅពេលថ្មីៗនេះ កងទ័ពឡាវត្រូវដកចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខ័ណ្ឌ ក្នុងជម្លោះព្រំដែនកម្ពុជា-ឡាវ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ បានសង្កត់ធ្ងន់ថា សូមបងប្អូនទុកចិត្តចុះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខ ប្រទេសជាតិ នឹងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ប្រកបដោយចិរភាព ។