រដ្ឋមន្ត្រីក្រសួងបរិស្ថានចែករំលែកពីសមិទ្ធផលកំណែទម្រង់ក្រសួងទៅកាន់អ្នកនិពន្ធជនជាតិអង់គ្លេស


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១៦ ខែសីហានេះ បានអនុញ្ញាតឱ្យអ្នកនិពន្ធសៀវភៅសញ្ជាតិអង់គ្លេសលោក Michael Hesketh បានចូលជួបនៅទីស្តីការក្រសួងបរិស្ថានដើម្បីស្វែងយល់ពីលទ្ធផលផ្លែផ្កានៃកំណែទម្រង់របស់ក្រសួងបរិស្ថាន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកពីលទ្ធផលផ្លែផ្កានៃសមិទ្ធិផលនៃការធ្វើកំណែទម្រង់របស់ក្រសួងបរិស្ថានសម្រេចបានកន្លងមក ចំណុចទាំងនោះរួមមានការធ្វើកំណែទម្រង់ស្ថាប័ន ការបង្កើតស្ថាប័នថ្មីដើម្បីទទួលខុសត្រូវឱ្យស្របទៅនឹងការវិវដ្តនៃបរិស្ថាន និងការបែងចែកដាច់ពីគ្នារវាងកិច្ចការងារអភិរក្ស និងកិច្ចការងារអភិវឌ្ឍន៍។ បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងបរិស្ថានកំពុងកែប្រែតំបន់ការពារ និងតំបន់អភិរក្សឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិជាដើម។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីជោគជ័យរបស់រដ្ឋាភិបាលកម្ពុជាលើការបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចតាំងពីឆ្នាំ២០១២ តាមបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល ហើយទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បាននិរាករណ៍ដីសម្បទានសេដ្ឋកិច្ចជាច្រើនពាន់ហិកតាផងដែរ។
អ្នកនិពន្ធសញ្ជាតិអង់គ្លេសរូបនេះ គ្រោងនឹងសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា “Cambodia: Risen from the ashes”ដែលមានកម្រាស់ ២០០ទំព័រ៕