ឯកឧត្តម សុខ ឥសាន៖ បក្សប្រឆាំងដឹងខ្លួនថា ចាញ់ឆ្នោត កំពុងត្រៀមឧបាយកលតវ៉ាលទ្ធផលបោះឆ្នោត


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ថ្មីៗនេះមានព៌តមានថា មានអង្គការមួយចង់ជួយបក្សប្រឆាំងឲ្យបានឈ្នះឆ្នោត។ ប៉ុន្តែ បើមិនបានឈ្នះ គេថាមកពី cpp លួចបន្លំសន្លឹកឆ្នោត។ នេះជាឧបាយកលមួយបង្ហាញថា បក្សប្រឆាំងបាន និងកំពុងត្រៀមចាញ់ការបោះឆ្នោតនិងត្រៀមតវ៉ាលទ្ធផលបោះឆ្នោត ។

ឯកឧត្តម បានបន្តថា ឧបាយកលនេះមិនអាចទៅរួចទេ ដោយសាររាល់បញ្ហា និងបាតុភាពអសកម្មដែលបានកើតឡើងនៅពេលបោះឆ្នោតឆ្នាំ២០១៣ ត្រូវបានបញ្ចូលទៅក្នុងបណ្តាមាត្រាក្នុងច្បាប់បោះឆ្នោតថ្មី និងច្បាប់ស្តីគណបក្សនយោបាយ អស់ហើយ ។

– បើធ្វើបាតុកម្មតវ៉ា នាំឲ្យមានអំពើអនាធិបតេយ្យក្នុងសង្គម គណបក្សនោះនឹងត្រូវរំលាយចោល មិនឲ្យធ្វើនយោបាយតទៅទៀតទេ ។ ចំពោះអំពើធ្វើឲ្យចលាចលក្នុងសង្គម នឹងត្រូវបង្ក្រាបជាក់ជាមិនខាន ។

– បើធ្វើពហិកាមិនចូលប្រជុំដំបូងរដ្ឋសភា នឹងត្រូវបាត់បង់អសនៈ ដោយស្វ័យប្រវត្តិ ដោយយកទៅបែងចែកឲ្យគណបក្សផ្សេងៗដែលប្រកួតប្រជែងក្នុងមណ្ឌល។

ឯកឧត្តម អ្នកនាំពាក្យគណបក្ស បានបញ្ជាក់ថា ទោះចេញតាមច្រកណា ក៏មិនអាចទៅរួចដែរ ហើយក៏មិនអាចគេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់បានដែរ។