កិច្ចប្រជុំវាយតម្លៃដំណើរការសំណេរ និងការបែកចែកភារកិច្ចដំណើរការកំណែ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២១ សីហា ២០១៧


រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ មាន​កិច្ច​ប្រជុំ​វាយ​តម្លៃ​ដំណើរ​ការ​សំណេរ និង​ការ​បែកចែក​ភារកិច្ច​ដំណើរការ​កំណែ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង ៖ ២១ សីហា ២០១៧ ក្រោមអធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ រួម​ជា​មួយ​ឯកឧត្ដម​លោក​ជំទាវ​ថ្នាក់​ដឹកនាំ​ក្រសួង គណៈ​មេប្រយោគ​ គណៈ​អប្បមាទ​ទូទាំង​ប្រទេស និង​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ផង​ដែរ។
ក្នុង​កិច្ច​ប្រជុំ​នេះ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី និង​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់​ទៅ​លើ​ដំណើរ​ការ​សំណេរ​​​​ទាំង​ពីរ​ថ្ងៃ​មាន​ភាព​ល្អ​ប្រសើរ​ជាង​​ឆ្នាំ​កន្លង​ទៅ ពុំ​មាន​ឧបទ្ទវហេតុ​អ្វី​កើត​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ។ គណៈមេប្រយោគ​គ្រប់​លំដាប់​ថ្នាក់​មាន​ការ​ទទួល​​ខុសត្រូវ​​ខ្ពស់​ក្នុង​ការ​បំពេញភារកិច្ច​។ ទន្ទឹម​នេះ គ្រប់​ភាគី​ពាក់ព័ន្ធ​​ រួម​មាន​​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អាជ្ញាធរ​ដែនដី កង​កម្លាំង​មាន​សមត្ថកិច្ច សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អ្នក​សង្កេតការណ៍​ផ្សេង បាន​ផ្ដល់​​កិច្ចសហការ​យ៉ាង​ល្អ ។ ដោយ​ឡែក​បេក្ខជន​​​​បាន​គោរព​បទប្បញ្ញត្តិ​នៃ​ការ​ប្រឡង​យ៉ាង​​​​ល្អ​ ស្ទើរតែ​​​ពុំ​មាន​នាំ​មក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាមឃាត់៕