ក្រសួងទេសចរណ៍ និងគណៈកម្មធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសផ្សព្វផ្សាយជាផ្លូវការនូវស្តង់ដា បង្គន់អនាម័យសាធារណៈកម្ពុជា


ក្រសួងទេសចរណ៍ និងគណៈកម្មធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសផ្សព្វផ្សាយជាផ្លូវការនូវស្តង់ដា “បង្គន់អនាម័យសាធារណៈកម្ពុជា” និងស្តង់ដា “បង្គន់អនាម័យសាធារណៈអាស៊ាន”អមជាមួយការប្រកាសចលនាប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជាលើកទី១ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តមត ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អភិបាល-អភិបាលរងរាជធានី-ខេត្ត និងស្ថាប័នជំនាញ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន។
ឯកឧត្តម ថោង ខុន ស្នើឲ្យមានការជំរុញបន្ថែម និងលើកទឹកចិត្តឲ្យមានការផ្សព្វផ្សាយ និងការចូលរួមឲ្យកាន់តែសកម្មបន្ថែមទៀតពីផ្នែកឯកជន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងចលនាប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជា ដែលជាយន្តការដ៏ចាំបាច់ក្នុងការពង្រឹងគុណភាព និងអនាម័យ ដើម្បីទទួលស្វាគមន៍កំណើននៃភ្ញៀវទេសចរអន្តរជាតិបន្តបន្ទាប់។ ផ្អែកលើស្មារតីនៃអង្គពិធីនេះ ឯកឧត្តម ថោង ខុន បានប្រកាសដាក់ចេញយុទ្ធនាការ “បង្គន់សាធារណៈឲ្យមាននៅតាមក្រុង/ខណ្ឌបេក្ខភាពទីក្រុងស្អាតឲ្យស្របតាមស្តង់ដា ដើម្បីជាការចូលដល់ការប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ និងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១ ដែលគ្រោងចែកជ័យលាភីនាដើមខែមករា ឆ្នាំ២០១៨ ក្នុងវេទិការទេសចរណ៍អាស៊ាន (ATF-2018) និងពិសេសដើម្បីឆ្នោះទៅការប្រឡងប្រណាំង “បង្គន់សាធារណៈអាស៊ាន” លើកទី១ ដែលគ្រោងចែកជ័យលាភីនាដើមខែមករា ឆ្នាំ២០១៩ ក្នុងវេទិការទេសចរណ៍អាស៊ាន (ATF-2019) នៅប្រទេសវៀតណាម។ ទន្ទឹមនឹងនេះដើម្បីធានានិរន្តរភាពនៃប្រតិបត្តិការបង្គន់សាធារណៈនៅតាមរាជធានី-ខេត្ត ឯកឧត្តម ថោង ខុន ក៏បានស្នើឲ្យមានការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍបង្គន់សាធារណៈកម្ពុជា២០១៨-២០២៥ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាពិនិត្យ និងសម្រេចនាពេលខាងមុខដើម្បីបានជាត្រីវិស័យក្នុងការគិតគូរលើការដាក់ចេញយន្តការគ្រប់គ្រងឲ្យបានហ្មត់ចត់។
ក្នុងឱកាសនេះក៏មានចែកជ័យលាភីនៃស្ថាបត្យកម្ម “បង្គន់សាធារណៈកម្ពុជា” ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងនោះ៖
-ជ័យលាភីលេខ១៖ ក្រុមនិស្សិតផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា លោក ចេង កេថូង, លោក ហេង គីមហុង, និងកញ្ញា ជុំ សុជាតា មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្យសិល្បៈ (ទីតាំងគម្រោងសាងសង់បង្គន់សាធារណៈស្ថិតនៅសួនច្បារសុខាជ្រោយចង្វារ)
-ជ័យលាភីលេខ២៖ ក្រុមនិស្សិតផ្នែកស្ថាបត្យកម្ម និងសំណង់ស៊ីវិល កញ្ញា ពេជ្រ ខងពណ្ណរិទ្ធ, លោក ឈាង មុយ និងលោក ម៉ី សៀងហេង មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ទីតាំងគម្រោងសាងសង់បង្គន់សាធារណៈស្ថិតនៅអតីតសួនទីលានប្រជាធិបតេយ្យ)
-ជ័យលាភីលេខ៣៖ ក្រុមនិស្សិតផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា លោក ញា ស៊ីដារ៉ា, លោក ហេង គឹមហុង និងលោកលីម តេកហួរ មកពីសាកលវិទ្យាល័យន័រតុន (ទីតាំងគម្រោងសាងសង់បង្គន់សាធារណៈស្ថិតនៅសួនតាមបណ្តាយវិថីព្រះស៊ីសុវត្ថិ)។
ព្រមជាមួយគ្នានេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានរួមគ្នាប្រកាសការប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជា ឆ្នាំ២០១៨ ដោយបេក្ខភាពអាចចូលរួមរួមមាន (១) បង្គន់សាធារណៈនៅតាមផ្សារ (២)ចំណតរថយន្ត (៣)ចំណតឈប់សម្រាក (៤)រមណីយដ្ឋាន (៥)ទីសាធារណៈ (៦)សណ្ឋាគារ (៧)ច្រកទ្វារអន្តរជាតិ (៨)ផ្សារទំនើប និង(៩)នៅតាមមណ្ឌលព័ត៌មានទេសចរណ៍។