កិច្ចប្រជុំផ្សព្វផ្សាយសមិទ្ធផលការងារវិស័យពាណិជ្ជកម្មជូនរាជបណ្ឌិត្យសភាកម្ពុជា


នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាស្តីពី “មាគ៌ាដ៏ត្រឹមត្រូវ សម្រាប់កម្ពុជាដើម្បីរក្សាសន្តិភាព និងឆ្ពោះទៅរកការអភិវឌ្ឍ” ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលលើវិស័យពាណិជ្ជកម្ម ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ជូនវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (IRIC) នៃរាជបណ្ឌិត្យសភាកម្ពុជា សំដៅចងក្រងរបាយការណ៍សិក្សាពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
កិច្ចពិភាក្សានេះ បានប្រព្រឹត្តិឡើងក្រោមគណៈអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ប្រមាណជាង ៥០នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនវិទ្យាស្ថាន IRIC នៃរាជបណ្ឌិត្យសភាកម្ពុជា អំពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មដូចជា៖ លទ្ធផលនៃការចរចាបើកទីផ្សារក្រោមក្របខណ្ឌទ្វេភាគី និងពហុភាគី, ការបង្កើតអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម ដើម្បីកៀងគរជំនួយសម្រាប់ពាណិជ្ជកម្មពីដៃគូអភិវឌ្ឍន៍, ការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម, ការបង្កើតស្ថានបេសកម្មអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម និងវិនិយោគ ប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក និងការងារតាក់តែងច្បាប់សំខាន់ៗនៅក្រោមវិស័យពាណិជ្ជកម្ម។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកយកលទ្ធផលការងារពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា, ការចងក្រងសមាគមកសិករ និងពាណិជ្ជករនៅតាមតំបន់ និងខេត្តនានា, ការបង្កើតម៉ាកទំនិញសម្គាល់ភូមិសាស្ត្រដូចជា ម្រេច និងស្ករត្នោត, ការដោះស្រាយបញ្ហាទំនិញកកស្ទះនៅតាមព្រំដែន ព្រមទាំងការបង្កើតគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច (AIMS) ដើម្បីជួយប្រជាកសិករក្រីក្រ ក្នុងការពង្រីកមុខរបរជាដើម។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងអំណរគុណ ឯកឧត្តម ប៉ាន សូរស័ក្តិ ដែលបានចែករំលែកព័ត៌មានសំខាន់ៗ ទាក់ទិនសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងវិស័យពាណិជ្ជកម្ម ដល់វិទ្យាស្ថាន IRIC នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើជាធាតុចូលសម្រាប់ការសិក្សាស្រាវជ្រាវស្តីពី “មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជា ដើម្បីរក្សាសន្តិភាព និងឆ្ពោះទៅរកការអភិវឌ្ឍ” ដែលនឹងត្រូវចងក្រងបញ្ចប់នៅមុនបំណាច់ឆ្នាំ ២០១៧ និងបោះពុម្ភផ្សាយឲ្យបានមុនការបោះឆ្នោតជាតិឆ្នាំ ២០១៨៕