ការអនុវត្តគម្រោងព្រែកជីកជំហានទី ១ ត្រូវបានបញ្ចប់ជាស្ថាពរ


ដើម្បីដោះស្រាយទឹកសម្រាប់ការងារបង្កបង្កើនផលប្រមាណ ៣២.០០០ ហិកតា នៅក្នុងស្រុករុក្ខគិរី និងស្រុកមោងឫស្សី ក៏ដូចជាការផ្តល់ទឹកសម្រាប់ប្រើប្រាស់ក្នុងទីប្រជុំជនស្រុកមោងឫស្សី ដែលតែងតែមានការប្រឈមរៀងរាល់ឆ្នាំ នារដូវប្រាំង កាលពីឆ្នាំ ២០១៤ កន្លងទៅ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះធ្វើការសិក្សា ស្វែករកប្រភពទឹក និងរៀបចំជាអាងទឹកសម្រាប់ស្តុកទឹកទុក ព្រមទាំងប្រព័ន្ធប្រឡាយតូចធំសម្រាប់បែងចែកទឹក ទៅផ្គត់ផ្គង់ដល់ស្រែចំការរបស់បងប្អូនប្រជាកសិករ ។
ក្រោយការសិក្សាត្រូវបានបញ្ចប់ ការអនុវត្តគម្រោងព្រែកជីក ជំហានទី ១ និងជំហានទី២ ត្រូវបានចាប់ផ្តើមជាបន្តបន្ទាប់ ចាប់តាំងពីដើមឆ្នាំ ២០១៦ មក ។ គិតមកត្រឹមថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៧ នេះ ការអនុវត្តគម្រោងព្រែកជីកជំហានទី ១ ត្រូវបានបញ្ចប់ជាស្ថាពរ ខណៈការអនុវត្តជំហានទី២ សម្រេចការងារបានប្រមាណ ២០% ហើយ ។ នៅពេលបញ្ចប់ជំហានទី ២ ប្រព័ន្ធធារាសាស្ត្រព្រែកជីក នឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ២៤.០០០ ហិកតា ។ ប៉ុន្តែ ដើម្បីឈានទៅសម្រេចគោលដៅក្នុងផ្គត់ផ្គង់ទឹកស្រោចស្រពឱ្យដល់ ៣២.០០០ ហិកតា ឯកឧត្តមរដ្ឋមន្ត្រី បានចាត់តាំងក្រុមអ្នកបច្ចេកទេសរបស់ក្រសួង ដឹកនាំដោយលោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ដឹកនាំ
ការងារជួសជុលស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រអូរត្រជាក់ចិត្ត ស្ថិតក្នុងស្រុករុក្ខគិរី ដែលក្នុងនោះការងារសំខាន់ គឺ
ការសាងសង់នូវអាងទឹក ០១ កន្លែង ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ ៣០ លានម៉ែត្រគូប ។ ក្រោយពេលជួសជុលស្តារឡើងវិញ
រួច ប្រព័ន្ធធារាសាស្ត្រអូរត្រជាក់ចិត្ត នឹងដើរតួនាទីជាអ្នកផ្គត់ផ្គង់ទឹកបន្ថែមដល់ប្រព័ន្ធធារាសាស្ត្រព្រែកជីកផង ផ្គត់ផ្គង់ឱ្យការផលិតទឹកស្អាតផង និងជាតំបន់អេកូទេសចរណ៍ដ៏សំខាន់មួយក្នុងស្រុករុក្ខគិរីផង ។