ពិធីសំណេះសំណាលជាមួយសមាគមន៍នាវាយុវជនអាស៊ីអាគ្នេយ៍


នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាគមន៍នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ។
ក្នុងពិធីសំណេះសំណាល ឯកឧត្តមទេសរដ្ឋមន្រ្តី បានអបអរសាទរចំពោះក្មួយៗទាំង ២៩ រូប ដែលបានក្លាយជាជ័យលាភី យុវជន តំណាងឲ្យកម្ពុជា ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៤ ដែលនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅប្រទេសជប៉ុន និងបណ្តាប្រទេសជាសមាជិកអាស៊ានមួយចំនួន។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីកំណែទម្រង់ថ្មីៗរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្របតាមទិសដៅកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក៏ដូចជា ផែនការ១០០ថ្ងៃ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើកំណែទម្រង់នាពេលកន្លងមកដូចជា មណ្ឌលប្តូរ និងពន្យាបណ្ណបើកបរ ការចែកផ្លាកសុវត្ថិភាព ( ចំណាំងផ្លាត) ដល់ប្រជាពលរដ្ឋ ការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងវិស័យដឹកជញ្ជូនផ្លូវគោករួមមាន ការចុះបញ្ជីយានយន្ត ប្រឡងយកបណ្ណបើកបរ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរសព្ទ ព្រមទាំងស្លាកលេខរថយន្តដែលមាន QR Code។
ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើរដល់ យុវជនទាំងអស់ ឲ្យចេះសហការគ្នា យោគយល់អធ្យាស្រ័យគ្នា ក្នុងពេលចូលរួមកម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍ ដែលតំណាងប្រទេសកម្ពុជា និងត្រូវបង្ហាញនូវសម្ថភាពដែលខ្លួនមាន ចំណេះដឹង និងសេចក្តីថ្លៃថ្នូរ ហើយបានក្រើនរំលឹក និងដាស់តឿនដល់យុវជន ឲ្យមានភាពជាអ្នកដឹកនាំ ស្គាល់ខ្លួនឯងច្បាស់ ចេះកំណត់គោលដៅពិតប្រាកដក្នុងជីវិត បំពេញភារកិច្ច កាតព្វកិច្ច និងតួនាទី ក្នុងឋានៈជាយុវជននៃប្រទេសជាតិថ្ងៃនេះ និងជាអ្នកកំណត់វាសនាជាតិ នៅថ្ងៃអនាគត។