លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធគម្រោងអាគារ CEO KT Pacific


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធគម្រោងអាគារ CEO KT Pacific របស់ក្រុមហ៊ុន KT Pacific និង Lixin Group នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានភ្នំពេញ ។
នាឱកាសនោះលោកជំទាវបានថ្លែងនូវការសរសើរចំពោះក្រុមហ៊ុន KT Pacific និងក្រុមហ៊ុន លីស៊ីនគ្រុប (Lixin Group) ដែលមានជំនឿទុកចិត្តយ៉ាងមុតមាំ មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ដោយបានសម្រេចរួមគ្នាដាក់ទុនវិនិយោគលើគម្រោងសាងសង់ ដ៏ធំមួយនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គម្រោងវិនិយោគនេះរួមមាន អាគារទំនើប ដែលមានតម្លៃគំរោងរហូតដល់២៥០លានដុល្លា សាងសង់លើដីទំហំ ៦.៦៨៥ ម៉ែត្រក្រឡា មានកំពស់ ៣៣ជាន់ មានផ្ទៃក្រឡាកម្រាលសរុប ៩៤.៩១៩ ម៉ែត្រក្រឡា ចែកជា ៩៧២ យូនីត ក្នុងនោះ មានការិយាល័យចំនួន ១០៦ យូនីត។ លើសពីនេះ ក៏មានសួនច្បារ ចំណតរថយន្ត មជ្ឈមណ្ឌលអាជីវកម្ម សាលប្រជុំ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ។ល។ ដោយមានរចនា ដេគ័រយ៉ាងប្រណិត និងបំពាក់ឧបករណ៍ទំនើបៗ។
លោកជំទាវបានបន្តទៀតថា គម្រោងមួយនេះពិតជារួមចំណែកអភិវឌ្ឍរាជធានីភ្នំពេញ និងបានផ្ដល់បទពិសោធន៍ល្អៗផ្នែកខាងវិស្វកម្ម ស្ថាបត្យកម្មដល់កម្ពុជា ព្រមទាំងជួយផ្តល់ការងារ បង្កើនចំណូលដល់កម្មករ និងបុគ្គលិកកម្ពុជាជាច្រើន។ លើសពីនេះទៅទៀត វាក៏ជាការរួមចំណែកក្នុងការងារនគរូបនីយកម្ម ការអភិវឌ្ឍន៍រាជធានីភ្នំពេញ និងកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងផងដែរ៕