ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសប្តាហ៍ទី៤ ប្រចាំខែសីហា ឆ្នាំ២០១៧


នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសប្តាហ៍ទី៤នៃខែសីហា នៅទីស្តីកាក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំ ឯកឧត្តម ទេសរដ្ឋមន្ត្រីបានអបអរសាទរ មន្ត្រីរាជការថ្មីដែលទើបតែងតាំងថ្មី និងលើកទឹកចិត្តមន្ត្រីទាំងនោះឲ្យខិតខំប្រឹងប្រែងធ្វើការបំរើជាតិមាតុភូមិទាំងអស់គ្នា។

នៅក្នុងកិច្ចប្រជុំសប្តាហ៍នេះ បញ្ហាសំខាន់ៗមួយចំនួនត្រូវបានលើកយកមកពិភាក្សាដើម្បីស្វែងរកដំណោះស្រាយក្នុងនោះរួមមាន ការដោះស្រាយផលប៉ះពាល់ផ្លូវក្រវ៉ាត់ក្រុងទី២ដែលស្ថិតក្រោមហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន បញ្ហាអសកម្មមួយចំនួនចំពោះគម្រោងថែទាំ និងជួសជុលផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៦ ព្រមទាំងបញ្ហារំលោភលើចំណីផ្លូវផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីបច្ចេកទេសទាំងអស់ឲ្យខិតខំប្រឹងប្រែងមើលថែទាំជួសជុលផ្លូវថ្នល់ដែលស្ថិតនៅក្រោមបន្ទុករបស់ខ្លួន។ ចំពោះ បញ្ហាចំណីផ្លូវ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យគ្រប់មន្ទីរទាំងអស់ សហការជាមួយអាជ្ញាធរដែនដី រៀបចំកិច្ចប្រជុំពិភាក្សាដើម្បីស្វែងរកដំណោះស្រាយសមរម្យចំពោះការរំលោភលើចំណីផ្លូវលើគ្រប់រូបភាព។ ទន្ទឹមនេះផងដែរ ឯកឧត្តមក៏បានរំលឹកដល់មន្ត្រីផ្តល់សេវាទាំងអស់ឲ្យពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យស្របតាមទិសដៅកំណែទម្រង់របស់ក្រសួង។

ឯកឧត្តម ទេសរដ្ឋមន្ត្រីបានជម្រាបអង្គប្រជុំផងដែរ ចំពោះសេវាកម្មចែករំលែកយានជំនិះធ្វើដំណើររបស់ក្រុមហ៊ុនUber ដែលជាប្រភេទសេវាកម្មថ្មី ដែលរាជរដ្ឋាភិបាលទើបតែឯកភាពក្នុងការដំណើរការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការបង្កើតក្រុមការងារដើម្បីតភ្ជាប់ប្រព័ន្ធរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី នឹងចុះត្រួតពិនិត្យផ្លូវជាតិលេខ ៥៨ ផ្លូវជាតិលេខ ១៥.៧៧ នៅថ្ងៃទី ១១និង១២ ខែកញ្ញា ខាងមុខនេះ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រគល់ជានិមិត្តរូបនូវ ម៉ាស៊ីនបង្ហាប់ដីផ្ទៃរាប១គ្រឿង និងម៉ាស៊ីនភ្លើង១គ្រឿង និង មួកសុវត្ថិភាពការដ្ឋានចំនួន ៩៩៦មួក ជូនដល់ នាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានជួសជុលនិងថែទាំផ្លូវ នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ និងគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានីខេត្ត ផងដែរ៕