(ក្រចេះ)៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងជាង ៣៣គីឡូម៉ែត្រ សម្រេចបាន ៣៦.២៤% ខណៈដែលស្ពាន «ឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៤៩.១៨% ហើយ ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤នេះ។
ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ហើយគម្រោងទាំងមូលគ្រោងនឹងបញ្ចប់ការសាងសង់ ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ៕