ឯកឧត្តមបណ្ឌិត សឹង សំណាង អញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង ១០ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប


ឯកឧត្តមបណ្ឌិត សឹង សំណាង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល  អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសូទ្រនិគម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង ១០ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។

ពិធីនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសូទ្រនិគម ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តសៀមរាប សមាជិកគណកម្មាធិការបក្សខេត្តសៀមរាប ប្រធានគណៈកម្មាធិការគណបក្សស្រុកសូទ្រនិគម ព្រមទាំងសមាជិក សមាជិការគណបក្ស​ស្រុក ឃុំ សរុបប្រមាណ ៥១០នាក់។

តាមរយៈសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ ស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសូទ្រនិគម ដែលចុះហត្ថលេខាដោយសម្តេចពិជ័យ ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប ត្រូវបានកែសម្រួលតែងតាំងលោកបណ្ឌិត សឹង សំណាង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសូទ្រនិគម, សរុបជារួមប្រធាន អនុប្រធាន សមាជិក សមាជិកាគណបក្សចុះមូលដ្ឋានស្រុកសូទ្រនិគមមានចំនួន ៣៦៤រូប និងមានសមាជិកសមាជិកាគណ:កម្មាធិការគណបក្សស្រុកសូទ្រនិគម និងយុវជន យុវនារី គណ:កម្មាធិការបក្សស្រុកសូទ្រនិគមជាច្រើននាក់ចូលរួមផងដែរ។

ឯកឧត្តមបណ្ឌិត សឹង សំណាង បានលើកឡើងថា សាមគ្គីភាព និងការសហការល្អរវាងក្រុមការងារគណបក្ស និងសមាជិក សមាជិកា​ គគណៈកម្មាធិការគណបក្សស្រុកសូទ្រនិគមគ្រប់ជាន់ថ្នាក់បម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវស្របតាមគោលនយោបាយ និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាសំខាន់ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងជាកត្តាចម្បង នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមក។ លោកបានលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាស្រុកសូទ្រនិគមដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងថវិកា ដើម្បីបុព្វហេតុប្រជាជន​ និងត្រូវបន្តសហការស្អិតរមួតជាមួយគណៈកម្មាធិការបក្សស្រុក និងឃុំ សង្កាត់ សាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀតស្របតាមស្មារតីនៃមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា។

ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រធានក្រុមការងារ បានធ្វើការដាក់ចេញផែនការដល់ក្រុមការងារសម្រាប់អនុវត្តន៍បន្តរួមមានទី១៖ បន្តការងារចាត់តាំងក្រុមការងារចុះមូលដ្ឋានតាមក្រុង​ ស្រុក ឃុំ​ សង្កាត់ និងត្រូវរៀបចំកែសម្រួលសមាភាពក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ​ សង្កាត់ ដោយអនុវត្តតាមគោលការណ៍ស្រុកគ្រប់គ្រងឃុំ ឃុំគ្រប់គ្រងភូមិ ភូមិគ្រប់គ្រងក្រុមបក្ស ក្រុមបក្សគ្រប់គ្រងសមាជិកគណបក្ស, ទី២៖ ត្រូវបន្តផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស ដែលបានដាក់ចេញសំខាន់ៗរួមមាន៖ បន្តពង្រឹងការអនុវត្ត ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

ជាពិសេសមិនត្រូវភ្លេចកម្លាំងយុវជន គឺជាកម្លាំងបន្តវេននាពេលអនាគត ដែលយើងត្រូវយកចិត្តទុកដាក់ថែទាំយុវជន យុវនារី និងត្រូវចែករំលែកបទពិសោធន៍ដឹកនាំ របៀបរបបការងារនានា ដើម្បីធ្វើយ៉ាងណាឱ្យកម្លាំងបន្តវេននេះមានសក្ដានុពលក្នុងការដឹកនាំឈានមុខ និងចុះជួយប្រជាជនជាប្រចាំ។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ចំណុចសំខាន់ថា សមាជិកបក្សគ្រប់រូបត្រូវមានការជឿជាក់លើការដឹកនាំរបស់គណបក្ស។ ធានាបានគុណភាពតាមគោលការណ៍សមាជិកម្នាក់ជាសំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក និងបន្តពង្រីកសមាជិកគណបក្សតាមគោលការណ៍រក្សាចាស់ពង្រីកថ្មី ហើយត្រូវយកចិត្តទុកដាក់ចិញ្ចឹមចលនានៅមូលដ្ឋានជាប់ជាប្រចាំខិតខំផ្ដល់សេវា និងដោះស្រាយរាល់តម្រូវការសំណូមពររបស់ប្រជាពលរដ្ឋ និងលុបបំបាត់ភាពអសកម្មរបស់មន្ត្រីគ្រប់ថ្នាក់នៅមូលដ្ឋាន។ មួយវិញទៀតត្រូវពង្រឹងសកម្មភាពរបស់មេក្រុមបក្សនៅតាមភូមិដោយមានកម្មវិធីប្រជុំផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សនិងកម្មវិធីនយោបាយយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងហានវាយបកទាន់ពេលវេលានូវការឃោសនាមិនពិត និងញុះញង់របស់គណបក្សប្រឆាំង។

ឯកឧត្តមបណ្ឌិតបានក្រើនរំលឹកថា ត្រូវយកចិត្តទុកដាក់ជំរុញដឹកនាំសមាជិកគណបក្សទៅចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៤ ដែលចាប់ផ្ដើមពីថ្ងៃ១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនោះត្រូវយកចិត្តទុកដាក់ពិនិត្យបញ្ជីឈ្មោះបោះឆ្នោតរបស់សមាជិកគណបក្សឱ្យបានគ្រប់គ្នា។ ម្យ៉ាងទៀតចំពោះលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ជាអង្គបោះឆ្នោត សូមប្រកាន់ខ្ជាប់នៅទស្សនៈ គោលជំហរស្មោះត្រង់ចំពោះគណបក្សដាច់ខាត និងបោះឆ្នោតជូនគណបក្សប្រជាជនដែលមានលេខរៀងលើសន្លឹកឆ្នោតក្រុមប្រឹក្សាស្រុកលេខ៥ និងលើសន្លឹកឆ្នោតក្រុមប្រឹក្សាខេត្តលេខ១ ឱ្យបានគ្រប់គ្នាហើយការបោះឆ្នោតក្រុមប្រឹក្សានេះមានសារៈសំខាន់ណាស់ព្រោះជាការពង្រឹង និងរក្សានិរន្តភាពនៃការដឹកនាំ និងគ្រប់គ្រងអំណាចរបស់គណបក្សនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមបណ្ឌិតបានណែនាំចំពោះសមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់នៅក្នុងស្រុកសូទ្រនិគម ត្រូវចេះរៀបចំប្រព័ន្ធទំនាក់ទំនងផ្ដល់ព័ត៌មានពីថ្នាក់ស្រុករហូតដល់ឃុំ ភូមិ និងសមាជិកបក្សទាំងអស់ដើម្បីផ្ដល់ព័ត៌មានទៅវិញទៅមកបានទាន់ពេលវេលា៕