នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»។
សន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែឧសភា។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីតនេះ នៅថ្ងៃទី២២ ខែឧសភា។
សន្និសីទនេះនឹងបង្ហាញអំពីតួនាទីនៃការអប់រំអំពីឧក្រិដ្ឋកម្មឃោរឃៅ និងការថែទាំសុខភាពផ្លូវចិត្ត និងផ្លូវកាយ ក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើប្រល័យពូជសាសន៍។ ការអប់រំអំពីការប្រព្រឹត្តឧក្រិដ្ឋ កម្មឃោរឃៅ គឺមានសារសំខាន់ណាស់ក្នុងការធានាថាបុគ្គល និងសង្គមយល់ដឹងអំពីអតីតកាលរបស់ខ្លួន។
ចំណេះដឹង រួមជាមួយការយល់ដឹងអំពីផលប៉ះពាល់ ដែលកំពុងបន្តដោយឧក្រិដ្ឋកម្មទាំងនេះ គឺជាជំហានដំបូងដ៏សំខាន់ ក្នុងការបណ្ដុះគំនិត និងការយកចិត្តទុកដាក់ដ៏ចាំបាច់ដើម្បីទប់ស្កាត់កាលៈទេសៈ នានាដែលអាចបង្កឱ្យមានគ្រោះថ្នាក់នាពេលអនាគត។ ការអប់រំប្រកបដោយជោគជ័យអំពីឧក្រិដ្ឋកម្មឃោរ ឃៅទាមទារឱ្យមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងស្ថាប័នសង្គមស៊ីវិល។
សន្និសីទមានគោលបំណងបង្កើតជាសហគមន៍ចម្រុះជាតិសាសន៍ ដោយប្រមូលផ្តុំអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ នៅក្នុងប្រទេសក្រោយជម្លោះ ដែលអាចចែករំលែកគំនិតច្នៃប្រតិដ្ឋ និងការអនុវត្តល្អបំផុតដើម្បីធ្វើការរួមគ្នាក្នុងការកសាងសន្តិភាពយូរអង្វែងក្នុងប្រទេសកម្ពុជា និងសកលលោក។
ចំពោះគោលនយោបាយ ការពារនិងឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មឃោរឃៅវិញនោះ សន្និសីទមានគោលបំណងបង្កើតជាយុទ្ធនាការនានា ក្នុងការធានាថា រដ្ឋាភិបាលជុំវិញពិភពលោក នឹងដាក់បញ្ចូលការ អប់រំអំពីឧក្រិដ្ឋកម្មឃោរឃៅទៅក្នុងកម្មវិធីសិក្សាផ្លូវការថ្នាក់ជាតិកម្រិតវិទ្យាល័យរបស់ខ្លួន។
អ្នកចូលរួម នឹងពិភាក្សាអំពីវិធីសាស្ត្រសហការរួមគ្នា ឈានទៅសម្រេចបានការប្តេជ្ញាចិត្តពីសំណាក់កងកម្លាំងយោធាជុំវិញពិភពលោក ក្នុងការដាក់បញ្ចូលការអប់រំអំពីឧក្រិដ្ឋកម្មឃោរឃៅជាសមាសភាពស្នូល ក្នុងការអប់រំវិជ្ជាជីវៈយោធា ដល់មន្ត្រីយោធា និងថ្នាក់ដឹកនាំជាន់ខ្ពស់យោធា។
ចំណុចសំខាន់បំផុតនោះ គឺសន្និសីទនឹងស្វះស្វែងបង្កើតជាយុទ្ធសាស្ត្រ ដើម្បីបញ្ចូលការអប់រំអំពីឧក្រិដ្ឋកម្មឃោរឃៅទៅក្នុងគោលនយោបាយអភិវឌ្ឍន៍អន្តរជាតិតាមរយៈការជំរុញឱ្យប្រទេសផ្តល់ជំនួយធ្វើការដាក់លក្ខខណ្ឌទៅលើប្រទេសទទួលជំនួយ ឱ្យធ្វើ ការអភិវឌ្ឍកម្មវិធីសិក្សាអប់រំឧក្រិដ្ឋកម្មឃោរឃៅមួយដែលអាចជឿទុកចិត្តបាន នៅក្នុងប្រព័ន្ធសិក្សាអប់រំរបស់ខ្លួន។
ក្នុងសន្និសីទរយៈពេល៣ថ្ងៃនេះ នឹងមានកិច្ចពិភាក្សារពាក់ព័ន្ធទៅនឹងប្រធានបទសំខាន់ៗមួយចំនួនមានដូចជា អំពើប្រល័យពូជសាសន៍ យុត្តិធម៌ យុវជន និងការអប់រំ សុខភាព។ ជាមួយគ្នានេះ ក៏មានដំណើរទស្សនកិច្ចដើម្បីសិក្សារៀនសូត្រអំពីសុខភាព សិទ្ធិមនុស្ស និងយុត្តិធម៌អន្តរកាល៕